បន្ទាយមានជ័យ : ជាថ្មីម្ដងទៀត នាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានអ្នកដែលបំភ្លៃថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ បន្ថែមពីនោះ ជនបំភ្លៃត្រូវបានចាប់ខ្លួនផងដែរ ។
ថ្លែងក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា នៅព្រឹក ថ្ងៃសុក្រ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងបរិវេណទីតាំងអាងទឹក ត្រពាំងថ្ម ភូមិ ត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា មានបុគ្គលម្នាក់ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីបំពុលព័ត៌មានតាម Tik Tok ពាក់ព័ន្ធនឹងការលើឡើងថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅខេត្តកោះកុង។
បើតាមសម្តេច នាយករដ្ឋមន្ត្រី « ហាមដាច់ខាតមិនឱ្យយកករណីជំងឺកូវីដ-១៩ ទៅបំភ្លើស ឬលេងសើចលើបណ្តាញសង្គមនោះឡើយ បើយកទៅលេងសើច ឬបំភ្លៃការពិត គឺមិនអាចរួចខ្លួននោះឡើយ គឺត្រូវតែអនុវត្តច្បាប់ » ។
ព័ន្ធទៅនឹងជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថ្ងៃទី៣០ ខែមិថុនា ម្សិលមិញ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣ករណី។ សម្តេចតេជោ បន្តអំពាវនាវអោយប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាបន្តទៀត ហើយសម្តេចបញ្ជាក់ថា ទោះចាក់ដល់ដូសទី២០ ក៏ដោយ ក៏រដ្ឋាភិបាលមិនយកលុយពីប្រជាជនខ្លួនដែរ ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,២៨២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,២០៦នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕