លោកជំទាវ ដួងវណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយសារ ខ្យល់កន្ត្រាក់ ២៥ គ្រួសារ ក្នុងស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖នៅថ្ងៃ អាទិត្យ ទី ២៩ ខែ ឧសភា ឆ្នាំ ២០២២ លោកជំទាវ ដួងវណ្ណា ប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ យកទៅជួយសម្រាលការលំបាក ដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ២៦-២៧ ខែ ឧសភា ឆ្នាំ ២០២២ បណ្ដាលខូចខាត ផ្ទះប្រជាពលរដ្ឋ ចំនួន ២៥ ខ្នង (ធ្ងន់ ៩ ខ្នង មធ្យម ១១ ខ្នង ស្រាល ៥ ខ្នង ) និង របួសមនុស្ស ១ នាក់  ក្នុងស្រុកកំពង់រោទិ៍ នៅឃុំ ថ្មី ញរ ខ្សែត្រ ត្នោត និងឃុំសំឡី ក្នុងស្រុកចន្ទ្រា នៅឃុំមេសរថ្ងក ។

នាឱកាសនោះលោកជំទាវ ដួង វណ្ណា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខមាលភាពប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។ ជាមួយគ្នានេះ លោកជំទាវ បានលើកទឹកចិត្តសូមកុំអស់សង្ឃឹម ហើយប្រឹងប្រែងបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ។ លោកជំទាវ ដួង វណ្ណា ក៍បានលើកឡើងពីការខិតខំប្រឹងប្រែង របស់កាកបាទក្រហមកម្ពុជា  ក្នុងការជួយដល់ប្រជាពលរដ្ឋនៅពេលជួបគ្រោះមហន្តរាយផ្សេងៗ  ពោលគឺទីណាមានការលំបាកទីនោះមានវត្តមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ច ។ ទន្ទឹមនេះសូមអំពាវនាវ ដល់ប្រជាជនទាំងអស់ត្រូវមានការប្រុងប្រយ័ត្ននៅពេលមានភ្លៀង និងខ្យល់បក់បោកខ្លាំង ត្រូវរក កន្លែងដែលមានសុវត្ថិភាព ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ ត្រូវគិតគូរពីសុខភាព មានអនាម័យល្អក្នុងការរស់នៅដោយប្រកាន់ភ្ជាប់នូវការហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ បំផ្លាញ ជម្រកមូសខ្លា សម្រានក្នុងមុងដើម្បីការពារកើតជម្ងឺគ្រុនឈាម ។

អំណោយចែកជូន ក្នុង ១ គ្រួសារ ទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារុង,ក្រមា) ថវិកា ៥ ម៉ឺនរៀល ដោយឡែកគ្រួសាររងគ្រោះធ្ងន់ ទទួលបានសម្ភារបន្ថែមរួមមាន៖ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្លរ ២ និងថវិកា ២០ ម៉ឺនរៀល ។ ឧបត្ថម្ភអ្នករបួសថវិកា ២០ ម៉ឺនរៀល សម្រាប់គ្រួសាររងគ្រោះស្រាលក្នុង ១ គ្រួសារទទួលបានថវិកា ៦ ម៉ឹនរៀលសម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *