លោកជំទាវ អភិបាលខេត្តប៉ៃលិន ណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ ទប់ស្កាត់ការរីករាលដាលនៃជម្ងឹកូវីដ១៩ បញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្ត

ខេត្តប៉ៃលិន ៖ បញ្ហាជម្ងឺកូវីដ ១៩ ពិតជាធ្វើឱ្យមនុស្សទូទាំងពិភពលោក ខ្លាចញញើតគ្រប់ៗគ្នា រហូតមកដល់បច្ចុប្បន្ននេះ មានអ្នកឆ្លង និងស្លាប់ រាប់ម៉ឺននាក់ មិនទាន់ផុតរលត់អស់នៅឡើយទេ ខណ:ប្រទេសកម្ពុជា មានអ្នកឆ្លងជម្ងឺមកពីប្រទេសក្រៅ ដោយព្យាបាលទាន់ពេលវេលា ហើយជាសះស្បើយស្ទើរតែទាំងស្រុង ខណ:មិនមានអ្នកស្លាប់នោះទេ រីឯការព្យាបាលក៏ឥតគិតថ្លៃដែរ មិនដូចដទៃ ដែលគេគិតសេវាពីអ្នកជម្ងឺ ។ ដូច្នេះ ទើបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ដោយចាត់ឱ្យអភិបាលខេត្ត និងមន្រ្តីនៅតាមបណ្តាខេត្ត ជាប់ព្រំដែន ត្រូវតែដាក់កម្លាំងយាមល្បាត ឱ្យបានតឹងរឹងបំផុត ជៀសវាងពលករកើតជម្ងឺនេះឆ្លងដែនចូលមកពីប្រទេសក្រៅ គ្មានអ្នកដឹង បណ្តាលឱ្យឆ្លងជម្ងឺចូលដល់ក្នុងសហគមន៍ នាំឱ្យមានការលំបាកទបស្កាត់ និងព្យាបាលផងដែរ ។ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងជាអភិបាលខេត្ត បានលើកឡើងដូចនេះ នៅក្នុងពិធីចែកអំណោយស្បៀងអាហារ ជូនប្រជាពល រដ្ឋចំនួន២កន្លែង នៅក្នុងក្រុងប៉ៃលិន សរុបចំនួន៩៩២គ្រួសារ ក្នុងនោះជនពិការ ចំនួន២៣គ្រួសារ កាលពីថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២១ ។

លោកជំទាវ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានមានប្រ សាសន៍បន្តទៀតថា ៖  គ្រឿងឧបភោគបរិភោគទាំងនោះ រួមមានដូចជា ៖ អង្ករ៤០គីឡូក្រាម មី១កេះ ត្រីខ១យួរ ទឹកស៊ីត្រី១យួរ ទឹកសុទ្ធវីតាល់១កេះ ឃីត១កញ្ចប់ (មុង១ ភួយ១ កន្ទេល១) និងថវិកា៣០០០០រៀល ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី  ហ៊ុនសែន ផ្ដល់ជូនប្រជាពលរដ្ឋចំនួន៩៩២គ្រួសារ ដែលទទួលរងនូវភាពខ្វះខាត ដោយសារវិបត្តិនៃជម្ងឺកូវីដ-១៩ នៅក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ក្នុងនោះ ប្រជាពលរដ្ឋ ដែលទទួលរងរបួសពិការនាសម័យសង្គ្រាម ចំនួន២៣នាក់ ក៏ទទួលបានថវិកា ម្នាក់៥០០០០រៀល បន្ថែមពីឯកឧត្តម អ៊ី ឈាន ជារដ្ឋលេខាធិការក្រសួងការពារជាតិផងដែរ ។ លោកជំទាវ បានបញ្ជាក់ថា ៖ ដោយសារបញ្ហាវិបត្តិជម្ងឺកូវីដ-១៩ ធ្វើឱ្យជីវភាពប្រជាពលរដ្ឋជាច្រើន ជួបនូវការខ្វះខាត ខណៈមិនអាចចេញទៅប្រកបមុខរបរឆ្ងាយពីលំនៅឋាន ដូចកាលពីមុន ហើយអំណោយទាំងអស់ខាងលើនេះ គ្រាន់តែអាចជួយសម្រាលបន្ទុករយ:ពេលខ្លីប៉ុណ្ណោះ ។ លើសពីនេះ ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន ត្រូវតែរស់នៅជៀសឱ្យឆ្ងាយពីគ្រឿងញៀន មិនត្រូវចាញ់ល្បួងមិត្តភក្តិនាំគ្នាសេព ឬប្រើប្រាស់ នោះឡើយ ព្រោះថ្នាំញៀនអាចបំផ្លាញសុខភាព រូបរាងកាយ សតិស្មារតី (បែកថ្នាំ) និងធ្វើឱ្យវឹកវរដល់សង្គមជាតិផងដែរ ។ ម្យ៉ាងវិញទៀត ប្រជា ពលរដ្ឋទាំងអស់ក៏ត្រូវមានការគោរពច្បាប់ចរាចរណ៍ឱ្យបានល្អ ព្រោះខេត្តប៉ៃលិន ជាខេត្តតូចជាងគេតែអ្នករងរបួសស្រាលធ្ងន់ និងស្លាប់ ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ មានភាគរយច្រើនជាងខេត្តនានាទូទាំងប្រទេស ជាពិសេសត្រូវបើកបរម៉ូតូ ដោយពាក់មួកសុវត្ថិភាព និងបើកបររថយន្តដោយពាក់ខ្សែក្រវាត់ មុនឆ្លងផ្លូវត្រូវប្រុងប្រយ័ត្ន ប្រកាន់ស្តាំជានិច្ច ដើម្បីការពារសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *