ព្រះវិហារ៖ ឯកឧត្ដម ជូ តុងអាន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំជាំក្សាន្ត តំណាងឯកឧត្ដម ស្រី ឌឹក ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកជាំក្សាន្ត នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ ដែលជាទី៥នៃយុទ្ធនាការឃោសនាបោះឆ្នោត បានបន្តដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ តាមទីប្រជុំជន នានា ទូទាំងភូមិក្នុងឃុំជាំក្សាន្ត ក្នុងទិសដៅផ្សព្វផ្សាយពីគោលនយោបាយគណបក្ស ពីលេខរៀងគណបក្ស និងពីរបៀបគូសសន្លឹកឆ្នោត។
នៅក្នុងឱកាសនោះឯកឧត្ដម ជូ តុងអាន បានថ្លែងរំលឹកប្រាប់បងប្អូនប្រជាពលរដ្ឋពីតម្លៃសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
យ៉ាងណាមិញស្រុកជាំក្សាន្ត ខេត្តព្រះវិហារ របស់យើងបានប្រែក្លាយមុខមាត់យ៉ាងស្រស់បំព្រង ពីតំបន់ព្រៃភ្នំ មកជាតំបន់ប្រជុំជន មានផ្លូវ មានសាលារៀន មានមន្ទីរពេទ្យ មានវត្តអារ៉ាម មានផ្សារលក់ដូរ ពិសេសពលរដ្ឋមានកម្មសិទ្ធត្រឹមត្រូវលើដីធ្លី ផ្ទះសំបែងរបស់ខ្លួន។
ឯកឧត្ដម ថ្លែងប្រាប់ប្រជាពលរដ្ឋថា «សុខសន្តិភាព និងសមិទ្ធិផលទាំងអស់ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ពិសេសស្រុកជាំក្សាន្ត ខេត្តព្រះវិហារ របស់យើង មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើង ដោយការតាំងចិត្ត ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះយើងទាំងអស់គ្នា ត្រូវនាំគ្នាថែរក្សាឱ្យបានគង់វង្ស ដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយកនាថ្ងៃអនាគត»។
ជាមួយនឹងរដូវឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយមួយចំនួន មិនបានធ្វើសកម្មភាពឃោសនាទេ តែគេធ្វើសកម្មភាពដើរខ្សឹប ដើរសន្យាបោកប្រាស់ ត្រង់ចំណុចនេះឯកឧត្ដម ជូ តុងអាន ប្រាប់ប្រជាពលរដ្ឋកុំជឿឱ្យសោះ ព្រោះគ្រាន់តែថា គ្រាន់តែនិយាយ អ្នកណាក៏ចេះដែរ សំខាន់លទ្ធផលជាក់ស្តែង។
ឯកឧត្ដម ថា «គណបក្សប្រជាជនកម្ពុជាមិនដែលសន្យា មិនដែលដើរខ្សឹបថាធ្វើនេះធ្វើនោះទេ តែសមិទ្ធិផលកើតមានព្រោងព្រាតតាម ភូមិ ឃុំ ស្រុក។ ដូច្នេះបងប្អូនត្រូវបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីភូមិឃុំ យើងកាន់តែរីកចម្រើនថែមទៀត»៕