ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅការងារ ខែមិថុនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ នៅសាលប្រជុំធំ អគារ ឃ សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅការងារ  ខែមិថុនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន  ឯកឧត្ដម  លោកជំទាវ  អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនក្នុងខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរសម្រេចបាននូវលទ្ធផលល្អជាច្រើនទាំងការងារអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ៤ថ្ងៃកន្លងមកនេះបានល្អប្រសើរ  និងអរគុណដល់ក្រុុមគ្រូពេទ្យ  យុវជន  ស  ស  យ  ក  ក្នុងពេលចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩  ជូនប្រជាពលរដ្ឋគ្រប់គោលដៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖

១.ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ជាពិសេសក្នុងកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការ នៃការបោះឆ្នោតខាងមុខ ។

២.អាជ្ញាធរក្រុង ស្រុក ត្រូវធ្វើផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៣ ឬដូសទី៤ ស្របតាមការកំណត់របស់ក្រសួងសុខាភិបាល។

៣.អាជ្ញាធរមានសមត្ថកិច្ចត្រូវបន្តការបង្ក្រាបបទល្មើសគ្រឿងញៀនដូចជាការជួញដូរ និងចែកចាយជាដើម។

៤.កម្លាំងមានសមត្ថកិច្ចជាពិសេសគោលដៅចរាចរណ៍ផ្លូវគោកត្រូវធ្វើការរឹតបន្តឹង និងត្រួតពិនិត្យរកសារធាតុញៀនទៅលើអ្នកបើកបររថយន្តធុនធំគ្រប់ប្រភេទ។

៥. អាជ្ញាធរពាក់ព័ន្ធត្រូវខិតខំជំរុញដល់កិច្ចការងារដោះស្រាយផលប៉ះពាល់  ក្នុងការកំណត់ផ្ទៃច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួ និងអាងទឹកក្នុងខេត្ត ទៅតាមជំហាននីមួយៗ ដើម្បីឈានទៅសម្រេចលទ្ធផល និងធ្វើការស្តាផ្លូវទឹកឡើងវិញទុកសម្រាប់កូនចៅជំនាន់ក្រោយ ។

៦.អាជ្ញាធរមានសមត្ថកិច្ចតាមព្រំដែនត្រូវយកចិត្តទុកដាក់ទប់ស្កាត់ការដឹកជញ្ជូនទំនិញខុសច្បាប់នៅតាមខ្សែក្រវ៉ាត់ព្រំដែន  ពិសេសច្រកមិនផ្លូវការនានា ឲ្យមានប្រសិទ្ធភាព ខ្ពស់។

៧ .  មន្ត្រីប្រចាំការនៅច្រកចេញ-ចូលអន្តរជាតិ ត្រូវយកចិត្តទុកដាក់ពិនិត្យឲ្យបានហ្មត់ចត់អំពីរោគសញ្ញាជំងឺថ្មីប្រភេទ  អុត ស្វា  ចំពោះអ្នកដំណើរចូលមកកម្ពុជា ប្រសិនបើរោគសញ្ញាសង្ស័យដូចជា  កន្ទួលរមាស់ ឬចេញពងទឹកនៅលើសរីរាង្គ ឬមានរោគសញ្ញាសង្ស័យត្រូវរាយការណ៍ទៅអាជ្ញាធរសុខាភិបាលភ្លាមៗ  ពិនិត្យរករោគវិច្ឆ័យ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *