រាជរដ្ឋាភិបាលកាត់ឆ្វៀលដីចេញពីតំបន់២ បញ្ចូលក្នុងតំបន់១ នៃបឹងទន្លេសាបជាង ១ម៉ឺនហិកតា ជូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំ

កំពង់ធំ៖ រាជរដ្ឋាភិបាកម្ពុជា សម្រេចកាត់ឆ្វៀលដីចេញពីតំបន់២ បញ្ចូលក្នុងតំបន់១ នៃបឹងទន្លេសាប ជាង១ម៉ឺន ហិកតា ដែលបានចុះបញ្ជីជាលក្ខណៈប្រព័ន្ធនៅឆ្នាំ២០០០ ដល់ឆ្នាំ២០០៩ និងបានចេញវិញ្ញា បនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមុនចេញអនុក្រឹត្យលេខ ១៩៧ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ដើម្បីប្រកាសផ្តល់ សុពលភាពវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើដីដែលបានកាត់ឆ្វៀលមកតំបន់២ មកតំបន់១ នៅក្នុង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ, ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាសេនាធិការ បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើការរស់នៅ របស់ប្រជាពលរដ្ឋ ជាពិសេសលើជីវភាព និងការកាន់កាប់ទ្រព្យសម្បត្តិគ្រប់ប្រភេទដោយស្របច្បាប់។ ឯកឧត្តមបន្តថា ក្នុងពេលកន្លងមកប្រជាពលរដ្ឋដែលរស់នៅ និងអាស្រ័យផលលើដីតំបន់ពីរ មានការការព្រួយ បារម្ភណ៍អំពីដីដែលចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមុនចេញអនុក្រឹត្យលេខ ១៩៧ ថាមិនអាចចាត់ ចែងទៅតាមតម្រូវការរបស់ខ្លួនបាន។ ស្របពេលនេះអាជ្ញាធរ ឃុំ សង្កាត់ បានទទូចស្នើរសុំរាជរដ្ឋាភិបាល កាត់ឆ្វៀលដីដែលបានចេញប័ណ្ណរួចចេញពីរតំបន់២ មកតំបន់១វិញ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានគិតគូរ និងចុះស្រាវជ្រាវយ៉ាងល្អិតល្អន់រួចរាល់ និងចេញលិខិតលេខ ២២៤ សជណ.ដប ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិបន្ថែមជូន បងប្អូនប្រជាពលរដ្ឋដែលបានកំពុងរស់នៅនិងអាស្រ័យផលជាក់ស្តែងនៅក្នុងដីតំបន់២ កាត់ឆ្វៀលមកតំបន់១ នៃបឹងទន្លេសាប នៅលើក្រុងស្រុកចំនួន ៥ ក្នុងចំណោម ៩ក្រុងស្រុកក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលកែសម្រួលលើផ្ទៃដីជាង ១០ ០១៤ហិកតា ជូនប្រជាពលរដ្ឋ ៩ ១៤៤គ្រួសារ ដើម្បីមានសិទ្ធិប្រើប្រាស់ តាមតម្រូវការ។ចំពោះដីដែលមិនបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅក្នុងតំបន់២ នៅរក្សា ទុកដដែល។

ជាមួយគ្នានេះផងដែរ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ធ្វើរបាយការណ៍បញ្ជាក់ថា តាមរយៈការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធក្នុងក្រុងស្ទឹងសែន ឆ្នាំ២០០០ ដល់ឆ្នាំ២០០៩ បានចេញវិញ្ញាបន បត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមុនចេញអនុក្រឹត្យលេខ ១៩៧ ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន មានពីរសង្កាត់នៅសង្កាត់ស្រយ៉ូវ ចំនួន ៧ភូមិ សរុប ១២,៣១២ក្បាលដី ស្មើរ១,៩៥៦គ្រួសារ មានទំហំដីជាង២,៥៣៨ ហិកតា និងសង្កាត់អូរកន្ធរ ចំនួន៣ភូមិ សរុប ២,០៣៩ក្បាលដី ស្មើរ៦៨៦ គ្រួសារ មានទំហំសរុបជាង១,០៨០ ហិកតា។

You might like

Leave a Reply

Your email address will not be published. Required fields are marked *