រថយន្តធុនយក្ស៥គ្រឿងលាក់ខ្លួនត្រៀមលោតឆត្រ័ឆ្លងដែនចូលប្រទេសវៀតណាមនៅច្រករបៀងក្រសាំងជ្រំស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖រថយន្តយីឌុបធុនយក្សចំនួន០៥គ្រឿង ឃ្លុំជិតសង្ស័យជាទំនិញគេចពន្ធខុសច្បាប់បង្កប់ មកសង្ងំលាក់ខ្លួននៅជិតមាត់ច្រករបៀងក្រសាំងជ្រំ ភូមិក្រសាំងជ្រំឃុំគ្រួសស្រុកស្វាយជ្រំ ខេត្តស្វាយរៀងត្រៀមលួចឆ្លងដែនទៅប្រទេសវៀតណាម នៅពេលយប់ ដោយសង្ស័យថាសមត្ថកិច្ចមានការត្រូវរ៉ូវគ្នាជាមួយពួកឈ្មួញ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង០៣និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៤ខែឧសភាឆ្នាំ២០២២ នៅចំណុចច្រករបៀងក្រសាំងជ្រំ ភូមិក្រសាំងជ្រំឃុំគ្រួសស្រុកស្វាយជ្រំខេត្តស្វាយរៀង។

បើតាមមន្ត្រីនគបាលឃុំគ្រួសម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា រយៈពេលកន្លះខែមកនេះ មានរថយន្តយីឌុបធំៗ ប្រភេទវ៉េអង ចាប់ពី០៥ទៅ១០គ្រឿង ឃ្លុំជិត និងរថយន្តកុងតឺន័រ សណ្តោងរ៉ឺម៉ក ជាច្រើនគ្រឿងដឹកទំនិញ ចុះពីផ្លូវជាតិលេខ១ តាមមុខក្លោងទ្វារវត្តស្វាយជ្រំឆ្ពោះទៅព្រំដែនប៉ុស្ត៍ច្រករបៀងក្រសាំងជ្រំ រាល់ថ្ងៃសង្ស័យជាទំនិញគេចពន្ធខុសច្បាប់។

ប្រភពបន្តទៀតថាៈ ប៉ុស្តិ៍ច្រករបៀងក្រសាំងជ្រំ ប៉ុន្មានខែចុងក្រោយនេះ គឺមានឈ្មួញមករកស៊ីនាំទំនិញចេញចូលទៅប្រទេសវៀតណាមច្រើន ពេលថ្ងៃឈ្មួញ នាំផ្លែឈើ ពីប្រទេសវៀតណាមចូលតាមច្រករបៀងក្រសាំងជ្រំ មានផ្លែស្រការនាគ ធូរេន និងខ្នុរជាដើមបាន ដឹកតាមរយន្តសាំយ៉ុង យកទៅរាជធានីភ្នំពេញ។ហើយពេលយប់ឈ្មួញ លួចនាំទំនិញគេចពន្ធទៅប្រទេសវៀតណាមវិញ គឺមាន ស្ករស បារី  អេតចាយ និងទំនិញគេចពន្ធផ្សេងទៀតឃ្លុំជិតមិនអាចរកការបំភ្លឺពីសមត្ថកិច្ចបានទេ នៅព្រឹកថ្ងៃទី២៤ឧសភា២០២២នេះ។

ទាក់ទិនករណីនេះដែរ សមត្ថកិច្ចម្នាក់បានបង្ហើបឲ្យដឹងថា ស្ករ ស និងបារី« ស៊ែត JET និងបារីHERO» គឺជារបស់ប្រពន្ធលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ដោយស្តុកនៅ ក្នុងឃ្លាំងស្ថិតនៅភូមិក្រសាំងជ្រំហើយផ្ទេរដឹកតាមត្រាក់ទ័រ ក្នុង១យប់ៗ រាប់សិបតោន។

ទាក់ទិនករណីនេះដែរ បើតាមការបំភ្លឺតាមទូរសព្ទ័របស់លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយជ្រំប្រាប់ថា ទំនិញ ស្ករ ស គឺជារបស់ប្រពន្ធគាត់ដែលបានបង់ពន្ធគយ អស់ហើយ និងបង់ថ្លៃផ្លូវរួចហើយដែរ។

ចំណែកមហាជនបានលើកឡើងថា ចុះហេតុអ្វីបើបង់ពន្ធអស់ហើយម្តេចក៏ចេញតែពេលយប់ហើយដឹកតាមត្រាក់ទ័រតាមផ្លូវវាងឆ្លងប្រឡាយទៅប្រទេសវៀតណាមទៅវិញហាក់ដូចជារកសុីបំបាំងកាយអញ្ចឹង? ចំពោះការនាំផ្លែឈើ ពីប្រទេសវៀតណាមចូលមកគឺ ពុំដែលឃើញមានមន្ត្រីជំនាញ ចុះមកពិនិត្យគុណភាពទេ ហានីភ័យខ្លាំងណាស់ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

ហើយចំពោះទំនិញគេចពន្ធគឺធ្វើឲ្យបាត់បង់ប្រាក់ចំណូលរបស់រដ្ឋ សូមថ្នាក់ដឹកនាំខេត្តនិងមន្ត្រីជំនាញខេត្តមេត្តា ជួយអន្តរាគមន៍ផងទាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *