(បន្ទាយមានជ័យ)៖ ម៉ូតូ២គ្រឿង បើកបុកគ្នាពេញទំហឹងនៅលើបន្ទាត់ពុះចែកទ្រូងផ្លូវម្ខាងស្លាប់១នាក់ ម្ខាងរបួសធ្ងន់២នាក់ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៦.៥០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ ស្ថិតនៅចុងភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូរជ្រៅ ។
នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖ ជនរងគ្រោះដែលស្លាប់ឈ្មោះអូត សំអុន (ហៅមា)ភេទប្រុសអាយុ២៥ ឆ្នាំ រស់នៅភូមិរកា ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ ប-មានជ័យ1T-145 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ បើកបរពីទិសកើតទៅលិច ។ចំណែកអ្នករងរបួសធ្ងន់០២នាក់៖១/-ឈ្មោះ សឿង ខឿត ភេទប្រុស អាយុ៣៨ឆ្នាំ បើកបរម៉ូតូម៉ាកវេវ ពណ៌ក្រហម គ្មានស្លាក ផលិតឆ្នាំ១៩៩៩ បើកបរពីទិសលិចទៅកើត និង២/-ឈ្មោះ ប៉ុល ពឿត ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិរកា ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថា៖ មុនពេលកើតហេតុម៉ូតូទាំង២គ្រឿងបានធ្វើដំណើរបញ្ច្រាស់ទិសគ្នា ហើយបើកបរនៅលើបន្ទាត់ពុះចែកទ្រូងផ្លូវដូចគ្នាទើបបង្កឲ្យមានគ្រោះថ្នាក់កើតឡើងតែម្តង។ ហេតុការណ៍នេះ បណ្តាលឲ្យបុរសដែលបើកបរម្នាក់ឯង ឈ្មោះ អូត សំអុន ស្លាប់នៅហ្នឹងកន្លែងកើតហេតុ ចំណែក ម៉ូតូម្ខាងរងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកម៉ូតូដែលខូចខាតទាំងសងខាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីឲ្យភាគីទាំងពីរដោះស្រាយគ្នានៅពេលក្រោយ៕(សៅនៅ)