ឯកឧត្ដម មាស សុភា ដឹកនាំបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ

ដោយ៖សេង ពិសិដ្ឋ

ព្រះវិហារៈ ឯកឧត្ដម មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ រួមជាមួយឯកឧត្ដម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានក្រុងព្រះវិហារ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត នៅព្រឹកទី២១ ខែឧសភា ឆ្នាំ២០២២ បានចុះបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ថ្លែងនៅចំពោះមុខសមាជិកគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមយ៉ាងច្រើនកុះករនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាឱកាសនេះ ឯកឧត្ដម មាស សុភា បានបញ្ជាក់ថា ថ្ងៃនេះទូទាំងប្រទេស អនុលោមទៅតាមច្បាប់ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ តម្រូវឱ្យមានការបើកយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតដែលមានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា។

ថ្ងៃនេះគណបក្សខេត្ត គណបក្សមូលដ្ឋានស្រុក គណបក្សឃុំទាំងអស់ ក៏ដូចជាគណបក្សទាំងអស់នៅកម្ពុជានិយាយជារួម និងនិយាយដោយឡែកសម្រាប់ខេត្តព្រះវិហាររបស់យើង ក៏កំពុងដំណើរការចូលរួមនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់នេះផងដែរ។

ឯកឧត្ដម បានចាត់ទុកការឃោសនាបោះឆ្នោតនៅពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ហើយយើងកំពុងអនុវត្តពេញលេញនូវការគោរពសិទ្ធិ សេរីភាព និងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ហើយកន្លងមកកម្ពុជា បានរៀបចំការបោះឆ្នោតជាច្រើនលើកមកហើយ ដែលស្ថានភាពនេះមិនដូចជាការរិះគន់ពីក្រុមអ្នកនយោបាយខ្លះថា ប្រទេសកម្ពុជាមិនមានប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សនោះទេ។

ឯកឧត្ដម មាស សុភា បានថ្លែងបន្តថា «សម្រាប់គណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទ្វេឡើង បន្ទាប់ពីបានរំដោះប្រជាពលរដ្ឋពីការកាប់សម្លាប់របស់ របបខ្មែរក្រហម ពោលយើងបានផ្លាស់ប្ដូពីប្រទេសដែលក្រីក្រលំបាក មកជាប្រទេសដែលមានការអភិវឌ្ឍន៍រីកចម្រើន និងប្រកាន់យករបបប្រជាធិបតេយ្យ ប្រទេសជាតិមានសុខសន្តិភាព»។

ឯកឧត្ដម មាស សុភា បន្តថា ប្រទេសកម្ពុជាសព្វថ្ងៃដែលដឹកនាំដោយរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ កំពុងតែមានមុខមាត់នៅលើឆាកអន្តរជាតិ ខណៈដែលបច្ចុប្បន្នកម្ពុជាគឺជាប្រធានអាស៊ាន ជាពិសេសនៅក្នុងការធ្វើសង្រ្គាមជាមួយជំងឺកូវីដ១៩ ប្រទេសកម្ពុជាយើងបានប្រយុទ្ធបានជោគជ័យ ដោយជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសជាង២០០ប្រទេស។ ជាមួយគ្នានេះ ឯកឧត្ដម មាស សុភា បានថ្លែងអំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមការពារឱ្យបានសុខសន្តិភាព ប្រឆាំងចំពោះជនណា ក្រុមណា ដែលមានបំណងបំផ្លាញសុខសន្តិភាព ពិសេសត្រូវគាំទ្រគណបក្សដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដោយត្រូវបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាតទៅទៀត ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍មូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋអោយកាន់តែរីកចម្រើនបន្ថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *