ស្វាយរៀង៖អង្គការចលនាដើម្បីសុខភាពកម្ពុជាសហការជាមួយរដ្ឋបាលខេត្តស្វាយរៀងកាលពីថ្ងៃទី 17 ខែឧសភាឆ្នាំ 2022 ដោយមានការចូលរួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តបានបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យផលិតផលថ្នាំជក់ក្នុងខេត្តក្រោមវត្តមាន លោកតូចប៉ូលីវ៉ាអភិបាលរងខេត្តនិងជាប្រធានអនុគណៈកម្មការត្រួតពិនិត្យថ្នាំជក់ខេត្តស្វាយរៀង។
គោលបំណងនៃកិច្ចប្រជុំពេលនេះគឺដើម្បីរួមគ្នាត្រួតពិនិត្យឡើងវិញអំពីផលអវិជ្ជមានពីការប្រើប្រាស់ផលិតផលចេញពីថ្នាំជក់នៅក្នុងទីសាធារណៈ កន្លែងធ្វើការនៅតាមស្ថាប័នរដ្ឋ និងឯកជន ការលើកឡើងពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់និងវិធានការរកដំណោះស្រាយ។
លោក លាស់ សិល្លះ ប្រធានកម្មវិធីអង្គការចលនាដើម្បីសុខភាពកម្ពុជាបានធ្វើបទបង្ហាញពីផលអវិជ្ជមាននៃការប្រើផលិតផលថ្នាំជក់ គឺ ទី 1 ប៉ះពាល់ដល់សុខភាពបង្កឲ្យមានជំងឺមហារីកជាច្រើនប្រភេទពីព្រោះតាមការបញ្ជាក់ពីស្ថាប័នជំនាញធំៗក្នុងមួយឆ្នាំៗធ្វើឲ្យប្រជាជនកម្ពុជាស្លាប់ប្រមាណ 15000 នាក់ឬ 40 នាក់ក្នុងមួយថ្ងៃ។ទី 2 ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ដោយសារការជក់បារីឬធ្វើឲ្យកម្ពុជាបាត់បង់ថវិកាប្រមាណ2,7 លានរៀលក្នុងមួយឆ្នាំដែលស្មើនឹង 3 ភាគរយនៃផលិតផលក្នុងស្រុកសរុប។
ទី3 ប៉ះពាល់ដល់បរិស្ថានដែលកាកសំណល់ថ្នាំជក់មានកន្ទុយបារីកញ្ចប់បារីបានបំពុលបរិស្ថានយ៉ាងខ្លាំង។ហើយអ្វីដែលបារម្មណ៍លើសនេះទៀតនៅក្នុងវដ្តនៃផលិតផលថ្នាំជក់ពិភពលោកក្នុងមួយឆ្នាំៗ ដើមឈើចំនួន 600 លានដើមត្រូវបានបាត់បង់ហើយ កាបោនឌីអុកស៊ីដ ប្រមាណ 84 លានតោនត្រូវបានបំផ្លាញទៅកាន់បរិយាកាស។ហើយបើយោងតាមការស្រាវជ្រាវប្រមូលទិន្នន័យរបស់មជ្ឈមណ្ឌលCDCនៃសហរដ្ឋអាមេរិចចំនួន 2807 នាក់បានឈឺនិង68 នាក់បានស្លាប់ដោយសារជម្ងឺស៊ូតដែលបណ្ដាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិច។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំលោកតូចប៉ូលីវ៉ា អភិបាលរងខេត្តនិងជាប្រធានអនុគណៈកម្មការត្រួតពិនិត្យផលិតផលថ្នាំជក់ខេត្តស្វាយរៀងបានផ្តាំផ្ញើដល់មន្ត្រីមន្ទីរ អង្គភាព ពាក់ព័ន្ធ កម្លាំងសមត្ថកិច្ចត្រូវពង្រឹងនិងហាមឃាត់ការប្រើប្រាស់ការនាំចូលនិងការធ្វើអាជីវកម្មបារីអេឡិចត្រូនិចផលិតផល HTPs ផលិតផលថ្នាំជក់មកក្នុងខេត្តស្វាយរៀង។បន្តផ្សព្វផ្សាយពីផលប៉ះពាល់បញ្ហាគ្រោះថ្នាក់ដែលបណ្ដាលមកពីការប្រើប្រាស់ផលិតផលថ្នាំជក់។ចូលរួមទប់ស្កាត់ការផ្សព្វផ្សាយផលិតផលថ្នាំជក់តាមរយៈបណ្ដាញផ្សព្វផ្សាយសង្គមឬការដាក់តាំងលក់ឬការជក់បារីនៅតាមទីសាធារណៈនានានិងនៅតាមកន្លែងធ្វើការរបស់រដ្ឋពិសេសនៅតាមក្លឹប កំសាន្តកាស៊ីណូសណ្ឋាគារ ផ្ទះសំណាក់ជាដើម ។