វត្តអារាមទាំង២៤៦ ក្នុងខេត្តស្វាយរៀង រៀបចំពិធីបុណ្យពិសាខបូជា យ៉ាងឱឡារិក សាកសមជាព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ

ខេត្តស្វាយរៀងៈ ដោយយោងតាមសេចក្តីណែនាំលេខ:១៣/២២ កធស.សណន ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ស្តីពីការរៀបចំបុណ្យពិសាខបូជា ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ របស់ក្រសួងធម្មការ និងសាសនា និងដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង

នាថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានសម្របសម្រួលវត្តអារាមទាំង២៤៦ ក្នុងខេត្តស្វាយរៀង រៀបចំពិធីបុណ្យពិសាខបូជា បានយ៉ាងឱឡារិក សាកសមជាព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងបានឲ្យដឹងថាៈ សំរាប់ថ្ងៃនេះមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានចូលរួមសហការរៀបចំពិធីបុណ្យពិសាខបូជា ជាផ្លូវការនៅវត្តព្រៃតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ក្រោមការដឹកនាំចាត់ចែងរបស់ព្រះគ្រូវិសុទ្ធិមុនី សៅ ភួន ព្រះចៅអធិការវត្តព្រៃតាអី ដោយមានការចូលរួមសហការពីរដ្ឋបាលស្រុកស្វាយទាប និងអាជ្ញាធរមូលដ្ឋានឃុំព្រៃតាអី ក្នុងនោះដែរមានការដង្ហែក្បួនវិសាខបូជា ដែលមានរថយន្តប្រមាណ២៥គ្រឿង  និងព្រះសង្ឃ ពុទ្ធបរិស័ទប្រមាណចំនួន៣៥០អង្គ-នាក់ បាននិមន្ត និងអញ្ជើញចូលរួមផងដែរ។

សូមបញ្ជាក់ផងដែរថាៈ ពិធីបុណ្យវិសាខបូជា ប្រារព្ធធ្វើឡើង គឺដើម្បីគោរព រំឭកនឹកគុណ ដល់សម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្តម ដែលព្រះអង្គទ្រង់ប្រសូត្រ បានត្រាស់ដឹង និងចូលបរិនិព្វាន នៅចំថ្ងៃខែដូចគ្នាពោលគឺថ្ងៃទ្រង់ប្រសូត្រ ថ្ងៃទ្រង់ត្រាស់ដឹង និងថ្ងៃទ្រង់ចូលបរិនិព្វាន គឺនៅចំថ្ងៃ ១៥កើត ខែពេញបូណ៌មី មានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ។

ពិធីបុណ្យជាតិធំៗធ្វើទៅបានដោយសារប្រទេសយើងមានសន្តិភាពបើគ្មានសុខសន្តិភាពទេគឺច្បាស់ជាមិនអាចមានពិធីបុណ្យដ៏ធំសម្បើមបែបនេះ កើតឡើងទៅបានដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *