សម្ពោធអគារស្នាក់ការគណបក្សដែលចំណាយថវិកាសាងសង់ជាង ២ម៉ឺនដុល្លារ នៅឃុំក្រយា

ខេត្តកំពង់ធំ: ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកានៃសកម្មជនគណបក្សប្រជាជនកម្ពុជា និងសម្ពោធអគារស្នាក់ការរបស់គណបក្សដែលទើបសាងសង់ឡើងដោយក្រុមការងារគណៈកម្មាធិការគណបក្សឃុំ និងក្រុមការងារចុះជួយឃុំក្រយា  ចំណាយថវិកាសាងសង់អស់ជាង ២ម៉ឺនដុល្លារ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។  ។

ថ្លែងនៅក្នុងពិធីនោះដែរឯកឧត្តម ងួន រតនៈ បានលើកឡើងអំពីស្ថានភាពនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះគឺមានជីវភាពធូរធារ ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ជាពិសេសមានសន្តិសុខល្អ ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា ក្រោមម្លប់សន្តិភាព ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកើតចេញពីការបោះឆ្នោត ។

លើសពីនេះទៀតឯកឧត្តមថែមទៀត គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលមានរចនាសម្ព័ន្ធរឹងមាំ ចាប់ពីថ្នាក់កណ្តាល រហូតដល់ថ្នាក់ខេត្ត ឃុំ សង្កាត់ ភូមិ ហើយមានវ័យចំណាស់ជាងគេ មានបទពិសោធន៍គ្រប់គ្រាន់និងមានស្នាដៃធំៗជាច្រើន ជូនប្រជាជន និងប្រទេសជាតិបានកសាង នឹងកំពុងបន្តកសាងជាបន្តបន្ទាប់។

ទន្ទឹមនឹងនោះដែរ ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណដល់ប្រធានក្រុមការងារចុះជួយឃុំ និង គណៈកម្មាធិការគណបក្សឃុំក្រយា ដែលបានខិតខំសាមគ្គីគ្នា ក្នុងការកសាងអគារស្នាក់ការគណបក្សថ្មី ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួន ក្នុងការបំពេញការងារជូនគណបក្ស ជាពិសេសបានកសាងអគារថ្មីរបស់ស្នាក់ការគណបក្សនេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើការងាររបស់មន្ត្រី។

បន្ថែមលើសនេះទៀត ឯកឧត្តម ងួន រតនៈ ក៏បានសង្កត់ធ្ងន់ថា នាពេលខាងមុខនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សកម្មជនគណបក្ស  ក្នុងការផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្ស និងសមិទ្ធផលនានារបស់គណបក្ស ដើម្បីស្វែងរកសំឡេងអ្នកគាំទ្រគណបក្ស ជាពិសេសត្រូវអញ្ជើញសមាជិករបស់គណៈបក្ស ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *