ខេត្តស្វាយរៀងៈ លោក លឹម សៀងហេង អភិបាលក្រុងបាវិតនៅព្រឹកថ្ងៃទី១២ខែឧសភាឆ្នាំ២០២២កន្លងទៅនេះបានអញ្ជើញចុះពិនិត្យការជួសជុលផ្លូវមួយខ្សែប្រវែងជាង៣០០ម៉ែត្រស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
លោកអភិបាលក្រុងបាវិតបានមានប្រសាសន៍ឲ្យដឹងថាៈដោយមើលឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងការធ្វើដំណើរដឹកកសិផលប្រកបមុខរបរប្រចាំថ្ងៃនោះនិងការស្នើរសុំជួសជុលពង្រីកផ្លូវពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិច្រកលាវ សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង ដោយបានធ្វើការចាក់ក្រាលថ្មមុិច ដោយមានបណ្តោយប្រវែងជាង៣០០ម៉ែត្រ ទទឹង ប្រវែង ៨ ម៉ែត្រព្រមទាំងការដាក់ប្រព័ន្ធលូបង្ហូរទឹកថែមទៀតផង ហើយថវិកាដែលត្រូវចំណាយក្នុងការជួសជុលផ្លូវនាពេលនេះគឺបានមកពីការចូលរួមពីសំណាក់សប្បុរសជនជិតឆ្ងាយនានាជាពិសេសគឺក្រុមការងារចុះជួយភូមិច្រកលាវ សង្កាត់បាវិតនេះតែម្តង ។
លោក លឹម សៀងហេង បានបន្តឲ្យដឹងទៀតថាៈ ផ្លូវមួយខ្សែនេះពីមុនជាផ្លូវដីមានសភាពតូចចង្អៀតពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ហើយនៅរដូវវស្សាគឺមានទឹកដក់លិចផ្លូវដោយពុំមានផ្លូវទឹកចេញនោះទេជាពិសេសនៅពេលសិស្សសាលាដែលជាកូនចៅពលរដ្ឋនៅរៀនសូត្រម្តងៗតាមផ្លូវនេះ។
លោកបានបន្ថែមទៀតថាៈ សម្រាប់ការពង្រីកនិងការជួសជុលស្ថាបនាផ្លូវនាពេលនេះ លោកសុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវសូមជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលស្ថាបនាឡើងវិញផងដែរ ហើយក៏សូមឲ្យបងប្អូនយើងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជាពិសេសគឺចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។