ដងស្ទឹងបរយ៉ាខា អំណោយផល ដល់ប្រជាពលរដ្ឋរស់នៅជាប់មាត់ស្ទឹង បង្កើតរមណីយដ្ឋាន និងអាហារដ្ឋាន ដើម្បីទាក់ទាញភ្ញៀវទេសចរ ចូលមកលេងកម្សាន្តខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ គេសង្កេតឃើញប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ ដែលមានដីទំហំ ធំល្មម នៅជាប់នឹងមាត់ស្ទឹងបរយ៉ាខា បាននាំគ្នារៀបចំបង្កើតទៅជារមណីយដ្ឋាន និងអាហារដ្ឋាន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន កាន់តែភ្លូកទឹកភ្លូកដី ខណ:ដែលស្ទឹងនេះ មានទឹកថ្លាឈ្វេងហូរឥតដាច់ ត្រជាក់ស្រេប ជាអំណោយផល ដល់ភ្ញៀវទេសចរ ចុះទៅងូតទឹកលេងបំបាត់ភាពក្តៅស្អុសស្អាប់ និងធ្វើឱ្យអារម្មណ៍ស្រ ស់ស្រាយថែមទៀតផង។

បើតាមការរៀបរាប់ពីប្រជាពលរដ្ឋម្នាក់ ឈ្មោះ យ៉ាន់ ជ្រីក ហៅប៉ាអាពៅ ភេទប្រុស រស់នៅភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ លោកទើបបានបង្កើតរមណីយដ្ឋា ន និងអាហារដ្ឋានមួយកន្លែងយីហោ «ដងស្ទឹងបរយ៉ាខា» នៅជាប់មាត់ស្ទឹងភូមិខាងលើ ដែលមានផ្ទៃដីទំហំ ទទឹងប្រវែងប្រមាណជាង៥០ម៉ែទ្រ និងបណ្តោយជាង២០០ម៉ែត្រ ដែលមានចំងាយពីទីរួមខេត្តប៉ៃលិន ជាង២គីឡូម៉ែត្រ ឆ្ពោះទៅទិសខាងលិចឆៀងខាងត្បូង។ លោកបានបន្តទៀតថា កន្លែងលេងកម្សាន្តនេះ មានរៀបចំធ្វើខ្យុសសម្រាប់ឱ្យភ្ញៀវអង្គុយលេងហូបអាហារជាហូរហែតាំងពីក្បាលដីរហូតដល់មាត់ស្ទឹង មានតុបតែងកន្លែងដាក់ទោងសម្រាប់ឱ្យភ្ញៀវនាំកូនៗជិះលេង និងថតស៊ែលហ្វីផងដែរ។ លោកក៏បានរៀបចំថ្មមាត់ស្ទឹងឱ្យរាបស្មើ ងាយស្រួលឱ្យភ្ញៀវចុះងូតទឹកលេង ដែលទឹកស្ទឹងនេះហូរឥតឈប់ចេញពីប្រទេសថៃ ក្នុងទិសដៅពីខាងត្បូងមកជើង ហើយក៏មានទូកជ័រសម្រាប់ភ្ញៀវអុំលេងកម្សាន្ត ខណ:ដែលទឹកស្ទឹងនេះ មិនជ្រៅប៉ុន្មាននោះទេ អាចឱ្យមនុស្សក្មេងចាស់ប្រុសស្រី ហែលលេងបានយ៉ា ងងាយស្រួល។ ចំណែកម្ហូបអាហារ គឺធ្វើដោយចុងភៅកូនចៅខ្លួនឯងជាលក្ខណ:គ្រួសារ និងម្ហូបស្រុក ស្រែ ដែលមានតម្លៃសមរម្យ ទោះបីជាថ្ងៃបុណ្យទាន ក៏ដូចជាថ្ងៃធម្មតាដែរ មិនឡើងថ្លៃនោះឡើយ ដោ យមានម្ហូបកុម្មង់ដូចជា មាន់ដុត ត្រីរ៉ស់បំពង ឆាក្រវ៉ាញសាច់ជ្រូក សាច់មាន់ សាច់ទា និងឆាក្តៅអន្ទង់ជាដើម ក៏មានភេសជ្ជ:កុម្មង់ ដូចជាតែជ្រក់ កាហ្វេ…។ ហាងរបស់លោកចាប់ផ្តើមបើកទទួលភ្ញៀវពីម៉ោង៨ និង០០នាទីព្រឹក  រហូតដល់ម៉ោង ៩និង០០នាទីយប់ទើបឈប់សម្រាក ក៏មានថ្ងៃខ្លះភ្ញៀវរៀបចំធ្វើពិធីខួបកំណើតកូនចៅនៅកន្លែងរបស់ខ្លួន រហូតដល់យប់ជ្រៅបន្តិចដែរ ដោយមាននាំមិត្តភក្តិមកទទួល ទានអាហារកុម្មង់យ៉ាងច្រើនកុះករ។ លោកបញ្ជាក់ទៀតថា កាលពីថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ មានភ្ញៀវទេសចរ ចូលមកលេងយ៉ាងច្រើន ស្ទើរតែរកកន្លែងចតម៉ូតូ រថយន្តមិនបាននោះឡើយ ដោយអត់គិតថ្លៃផ្ញើ ឬថ្លៃចំណតនោះឡើយ គឺបើសិនជាភ្ញៀវយកម្ហូបអាហារពីខាងក្រៅចូល ខាងលោកគិតតែថ្លៃខ្យុស ១កន្លែងតម្លៃ២០០០រៀលប៉ុណ្ណោះ សម្រាប់ជួលឱ្យកម្មករបោសសម្អាតកន្លែង។ លោកក៏សូមថ្លែងអំណរគុណដល់ភ្ញៀវ ទេសចរក្នុងខេត្ត ក៏ដូចជាភ្ញៀវដែលមកពីតាមបណ្តាខេត្តនានា និងរាជធានីភ្នំ ពេញ បានគាំទ្រកន្លែងរបស់ខ្លួន ហើយនៅពេលមានកម្មវិធីបុណ្យទានផ្សេងៗ សូមកុំភ្លេចចូលមកលេងក្នុងអាហារដ្ឋានរបស់គាត់។ នៅថ្ងៃខាងមុខ លោកនឹងរៀបចំជាផ្ទះសំណាក់លំហែកាយនៅក្បែរមាត់ស្ទឹង ដើម្បីឱ្យភ្ញៀវអាចជួលស្នាក់នៅជាលក្ខណ:គ្រួសារ ហើយនឹងរៀបចំបន្ថែមខ្យុសឱ្យកាន់ច្រើនថែមទៀត ដើម្បីទទួលភ្ញៀវមកពីឆ្ងាយជិតមិនឱ្យខ្វះចន្លោះនោះឡើយ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *