សម្តេចព្រះឧត្តមវង្សា ៖ ឱ្យភិក្ខុ-សាមណេរក្រោមឱវាទ ត្រូវមានក្រិតក្រមសីលធម៌ គុណធម៌ និងគោរពប្រតិបត្តគ្រូឧប្ឈា

កំពង់ធំ ៖ ថ្ងៃចុងសប្តាហ័នេះ សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ និងជាព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះអនុប្រធាន និងជាអគ្គលេខាធិការ ថេរសភា នៃព្រះរាជាណាចក្រកម្ពុជានិង លោកញឹក បានខេង អភិបាលរងខេត្តកំពង់ធំ លោកលោកប៊ុន ហៀង អគ្គនាយកក្រុមហ៊ុនANT មន្ត្រីរាជការ ប្រជាពលរដ្ឋ ចំណុះជើងវត្តជាច្រើននាក់បានចូលរួមពីធីប្រកាស ព្រះរាជប្រកាសនីយប័ត្រស្តីពីការតែងតាំងព្រះសុខាចារ្យ ណំ សុភក្រ្តា ឱ្យឡើងជាព្រះគ្រូវិរិយធម្មគុត្ត ព្រះគ្រូអនុគុណស្រុកកំពង់ស្វាយ នៅវត្តមុនីរង្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ មានថេរដីកាថា ណែនាំដល់ព្រះគ្រូអនុគុណស្រុក ចៅអធិការ តាមបណ្តាវត្តវ៉ាអារាមនានា ឱ្យភិក្ខុ-សាមណេរក្រោមឱវាទ ត្រូវមានក្រិតក្រមសីលធម៌ គុណធម៌ និងគោរពប្រតិបត្តគ្រូឧប្ឈា និងប្រមុខថ្នាក់ដឹកនាំសង្ឃគ្រប់លំដាប់ថ្នាក់ ។ករណីភិក្ខុ-សាមណេរអង្គណាមិនស្តាប់ការប្រៀនប្រដៅ ហើយមានអស្មឹមាន: តេះដៀលប្រមាថដល់ថ្នាក់ដឹកនាំសង្ឃ ភិក្ខុឬសាមណេររូបនោះត្រូវដាក់ឱ្យនៅក្រៅសង្វាស និងសហគមន៍សង្ឃ ពោលគឺទុកឱ្យនៅដាច់ដោយឡែកពីគេ។ ព្រះមេគណ ថេរដីការបន្តថា៖ ពិធីផ្សព្វផ្សាយនេះ នឹងរួមចំណែកពង្រឹងការបដិបត្តិធម៌វិន័យ ពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងវត្តអារាម ពង្រឹងការងារពុទ្ធិកសិក្សា និងដើម្បីរួមចំណែកបន្តការអនុវត្តកម្មវិធីគោលនយោបាយយុទ្ឋសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធិភាពនៅកម្ពុជាសំដៅធ្វើឱ្យសង្គមជាតិទាំងមូលរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ។

លោកញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា ការផ្លាស់ប្តូរយោបល់លើការងារ ពុទ្ធសាសនានាពេលបច្ចុប្បន្ន និងសំដៅពង្រឹងរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង ធ្វើឱ្យវិស័យព្រះពុទ្ធសាសនាសាកសមជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទនានា ដល់សេចក្តីថ្លៃថ្នូរ ការគង់វង្សស្ថិតស្ថេរ យូរអង្វែងនៃព្រះពុទ្ធសាសនា ពង្រឹងការប្រតិបត្តិធម៌ វិន័យរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ធានាដល់ការលើកកម្ពស់អប់រំចរិយាធម៌ និងសីលធម៌សង្គម ពង្រឹងគុណភាពពុទ្ធកសិក្សា ដើម្បីអភិវឌ្ឍធនធាន បុព្វជិត ពុទ្ធសាសនិក លើកកម្ពស់កិត្យានុភាពព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ពង្រឹងតួនាទីភារកិច្ចរបស់ព្រះសង្ឃ វត្តអារាម ចូលរួមការងារសង្គម អប់រំសីលធម៌ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។ ព្រមទាំងបានអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានឱ្យចូលរួមជួយកសាងទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *