សមាជិកអតីតយុទ្ធជនកម្ពុជា៤០គ្រួសារ ដែលមានជីវភាពខ្វះខាត នៅស្រុកឆែប ទទួលអំណោយសម្តេចតេជោ

ដោយៈ សេង ពិសិដ្ឋ

ព្រះវិហារៈ បងប្អូនសមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាដែលមានជីវភាពខ្វះខាត រស់នៅស្រុកឆែប  ចំនួន៤០គ្រួសារ បានទទួលអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសមាគមនអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ ពិធីនេះធ្វើឡើង ក្រោមវត្តមានឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញដឹកនាំក្រុមការងារ អតីតយុទ្ធជនកម្ពុជាខេត្តនិងលោកប្រធាន អនុប្រធាន សមាគមអតីតយុទ្ធជន  ស្រុក អាជ្ញាធរមូលដ្ឋាននិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផ្ដល់កិត្តិយសចែកអំណោយជូនដល់បងប្អូនសមាជិកអតីតយុទ្ធជនកម្ពុជា ស្ថិតនៅភូមិឆែប ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចជាកាលតែង បានយកចិត្តទុកដាក់គិតគូរជានិច្ច ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនរបស់យើង និយាយដោយឡែកបងប្អូនអតីតយុទ្ធជនកម្ពុជានៅខេត្តព្រះវិហារ។

ឯកឧត្ដម ប្រធានសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ ក៏បានថ្លែងអំពាវនាវដល់បងប្អូនអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារទាំងមូល សូមបន្តចូលរួមការពារសុខសន្តិភាព ដែលយើងបានមកដោយលំបាកឲ្យនៅគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ត្រូវប្រឆាំងជានិច្ចចំពោះជនណា ឫក្រុមការណាមួយដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅប្រទេសកម្ពុជារបស់យើង។ ពិសេសត្រូវចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោយត្រូវចូលរួមទប់ស្កាត់ការជួញដូរគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងក្រុមក្មេងទំនើង ដើម្បីឲ្យការរស់នៅរបស់បងប្អូននៅតាមមូលដ្ឋានមានសន្តិសុខនិងសុវត្ថិភាពល្អផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *