មន្ត្រីជាន់ខ្ពស់អាមេរិកថាភាពដឹកនាំរបស់សម្ដេចតេជោដើរតួនាទីបានយ៉ាងល្អក្នុងតំបន់ ជាពិសេសសម្រាប់បញ្ហានៅមីយ៉ាន់ម៉ា

រាជធានីភ្នំពេញ៖ លោកឯកអគ្គរដ្ឋទូត ម៉ៃខើល មីចាឡាក់ អនុប្រធានជាន់ខ្ពស់នៃនាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានលើកឡើងបញ្ជាក់ថាភាពដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដើរតួនាទីបានយ៉ាងល្អសម្រាប់ក្នុងតំបន់ ជាពិសេសសម្រាប់បញ្ហានៅមីយ៉ាន់ម៉ា ។

ការលើកលើងនេះក្នុងឱកាសចូលជួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៥ ឧសភានៅវិមានសន្តិភាព។យោងតាមបណ្តាញសង្គមរបស់សម្តេចតេជោលោក ឯកអគ្គរដ្ឋទូត ម៉ៃខើល មីចាឡាក់ (Micheal  Mchalak)បានថ្លែងអំណរគុណជូន ចំពោះសម្តេចតេជោ ដែលបានជួយគាំទ្រក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ហើយបានសម្តែងនូវការគាំទ្រ និងអបអរសាទរចំពោះការធ្វើជា ប្រធានអាស៊ានរបស់កម្ពុជា។

ឯកអគ្គរដ្ឋទូត ម៉ៃខើល មីចាឡាក់ បានបញ្ជាក់យ៉ាងដូច្នេះថា «ភាពដឹកនាំរបស់សម្ដេចតេជោ បានដើរតួនាទីបានយ៉ាងល្អសម្រាប់តំបន់ ជាពិសេសសម្រាប់បញ្ហានៅមីយ៉ាន់ម៉ា ។ ខ្ញុំវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាដែលទទួលបានជោគជ័យ និងនាំទៅដល់ការបើកឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា និងអនុញ្ញាតឲ្យមានជំនួប ដោយផ្ទាល់នាថ្ងៃនេះ» ។

នៅក្នុងជំនួបនោះដែរ ឯកអគ្គរដ្ឋទូត ម៉ៃខើល មីចាឡាក់ បានដឹកនាំក្រុមហ៊ុនចំនួន១៣ ហើយបានបែងចែកចេញជា ៣ក្រុម និងបានលើកមកពិភាក្សាលើបញ្ហាថាមពល ការបង្កើតរោងចក្រដំឡើង រថយន្តនៅខេត្តពោធិ៍សាត់ ការជំរុញសេដ្ឋកិច្ច ឌីជីថល និងវិស័យសុខាភិបាល។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្ដល់វ៉ាក់សាំងកូវីដ-១៩ John son &John son និង Pfizer ដល់កម្ពុជា ហើយបានជម្រាបជូនប្រតិភូទាំងមូល នូវស្ថានភាពថាមពលរបស់កម្ពុជា ដែលក្នុងនោះកម្ពុជាកំពុងតែប្រើប្រាស់អគ្គិសនី ផលិតដោយវារីអគ្គិសនី សរុបទាំងអស់មាន ៦៤,៣៩% អំពីសូឡា៤.១% និងជីវឧស្ម័នចំនួន ០,២៨%។

ក្នុងឱកាសនោះផងដែរ សម្ដេចតេជោលោកបានសំដែងនូវការស្វាគមន៍ ចំពោះការដំឡើងរោងចក្រ ដំឡើងរថយន្តនៅខេត្តពោធិ៍សាត់  ហើយបានលើកទឹកចិត្តឲ្យក្រុមហ៊ុនទាំងអស់បន្តវិនិយោគ និងស្វែងរកសក្តានុពលផ្សេងៗទៀត ដើម្បីវិនិយោគនៅកម្ពុជានាពេលខាងមុខ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *