ខេត្តកំពង់ធំ ជំរុញអោយសមាជិកសមាជិការគណបក្សប្រជាជនទាំងអស់ ខិតខំផ្សព្វផ្សាយអំពីគោលនយោបាយ និងសមិទ្ធិផលនានា

ខេត្តកំពង់ធំ ៖ ឯកឧត្តម ងួន រតនៈ សមាជិកកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងស្ទឹងសែន បានជំរុញអោយសមាជិកសមាជិការគណបក្សប្រជាជនទាំងអស់ ខិតខំផ្សព្វផ្សាយអំពីគោលនយោបាយ និងសមិទ្ធិផលនានា របស់គណបក្ស ជូនដល់សមាជិក និងអ្នកគាំទ្ររបស់គណបក្ស ព្រមទាំងខិតខំចុះសាសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងសិក្សាស្វែងយល់អំពីបញ្ហាអាទិភាពដែលពួកគាត់សំណូមពរ ដើម្បីយកមកធ្វើការពិភាក្សានិងដោះស្រាយបានទាន់ពេលវេលា។

ការថ្លែងនេះ ត្រូវបានឯកឧត្តម ងួន រតនៈ លើកឡើងនៅក្នុងពិធីអញ្ជើញជាអធិបតី ជួបសំណេះសំណាល ជាមួយបេក្ខជន ចំនួន ១២០រូប ដែលត្រៀមឈរឈ្មោះជាក្រុមប្រឹក្សាសង្កាត់ទាំង៨ ក្នុងក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សក្រុងស្ទឹងសែន។

នៅចំពោះមុខសមាជិកជិការគណបក្ស ឯកឧត្តម ងួន រតនៈ បន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលរឹងមាំ មានវ័យចំណាសជាងគេ និងគោលនយោបាយច្បាស់លាស់ ក្នុងការជួយរំដោះប្រទេសជាតិឲ្យរួចផុតពីសង្គ្រាមប្រល័យពូជសាសន៍ ព្រមទាំងកសាងប្រទេសជាតិចាប់ចំណុចសូន្យរហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ រហូតទទួលការជឿជាក់ និងមានការបោះឆ្នោតគាំទ្រគណបក្សប្រជាជន ពីប្រជាពលរដ្ឋ ទទួលបានជ័យជម្នះជាបន្តបន្ទាប់។

ឯកឧត្តមបន្ថែមទៀតថា ដើម្បីទទួលបាននូវភាពឈ្នះបន្តទៀត សូមសមាជិកសមាជិការគណបក្ស ខិតខំពង្រឹង ពង្រីកបន្ថែមទៀតនូវសមាជិកគណបក្ស ក្តាប់ឲ្យបាននូវសភាពការណ៍ក្នុងមូលដ្ឋាន ធ្វើយ៉ាណាឲ្យសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *