ព្រះវិហារ៖ ទោះបីមានវិធានការរិតបន្ទឹងពី ប្រមុខរាជរដ្ឋាភិបាលអោយស្ថាប័ណ្ណពាក់ព័ន្ធ ថ្នាក់ក្រោមជាតិ ធ្វើការបង្ការបង្រ្គាបបទល្មើសធនធានធម្មជាតិយ៉ាងណាក្ដី ក៏ បទល្មើសព្រៃឈើនៅតែមិនថមថយ ដោយសារតែមានមន្រ្តីខ្លះបានត្រូវរ៉ូវឃុបឃិតជាមួយក្រុមឈ្មួញបង្កើតបទល្មើស និងបង្កើតអំពើពុករលួយក្នុងដែនសម្ថកិច្ចរបស់ខ្លួន។
ជាក់ស្ដែងរៀងរាល់យប់ រាល់ថ្ងៃការដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីស្រុកជ័យសែន ស្រុករវៀង ឆ្ពោះទៅខេត្តកំពង់ធំ ដែលឆ្លងកាត់មុខសង្កាត់ផ្នែករដ្ឋបាលព្រៃឈើរវៀង តែគ្មានការបង្រ្គាប ជាពិសេស លោក ស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង អសម្ថភាពក្នុងការបង្រ្គាបបណ្ដែតបណ្ដោយអោយក្រុមរកស៊ីបទល្មើសព្រៃឈើដឹកជញ្ជូនរៀងរាល់យប់។
មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា បើមិនមានមន្រ្តីរដ្ឋបាលព្រៃឈើប្រចាំការតាមដងផ្លូវបើកភ្លើងខៀវអោយនោះទេ សួរថារថយន្តដឹកបទល្មើសមកដល់មុខស្នាក់ការមន្រ្តីប្រចាំការហោះឡើងលើឬយ៉ាងណា មហាជនបានលើកឡើងបន្ថែមថា លោក ស៊ុំ សុវុត្ថា ដែលមានតួនាទីភារកិច្ចជាអ្នកអនុវត្តច្បាប់ និងមានតួនាទីបង្កាបង្រ្គាបបទល្មើសព្រៃឈើបែរជាងងឹតងងុលមិនចាប់យកបទបញ្ជាថ្នាក់ដឹកនាំមកអនុវត្តន បណ្ដោយអោយក្រុមអ្នករកស៊ីបទល្មើសព្រៃឈើដឹកជញ្ជូនរាល់យប់ ដូចសត្វកណ្ដៀរ។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជារឿយៗ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះវិហារ បានជម្រុញណែនាំដាសតឿនដល់មន្រ្តីក្រោមឱវាទទាំងអស់ត្រូវបង្ការនិងបង្រ្គាបបទល្មើសអោយខានតែបាន តែផ្ទុយទៅវិញប្រសាសនដាសតឿនរបស់ឯកឧត្តម ប្រាក់ សុវណ្ណ ហាក់ដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះហើយបទល្មើសនៅតែកើតមានឡើងជាហូរហែរ ម្យាងវិញទៀតការដាក់ប៉ុស្តិយាមកាម តាមដងផ្លូវគឺគ្រាន់តែ ត្រួតពិនិត្យ និងបង់លុយតាមតិចតាមច្រើនតែប៉ុណ្ណោះមិនខ្វល់ពីការបង្រ្គាបឡើយ៕