មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំ សហការី ទៅស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន នៅស្រុកសន្ទុក ខេត្តកំពង់ធំ

(កំពង់ធំ)៖ នៅរសៀលថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅថ្មីរបស់អតីតយុទ្ធជន នៅស្រុកសន្ទុក ខេត្តកំពង់ធំ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកវរសេនីយ៍ទោ យ៉េត ហុន ជាអតីតយុទ្ធជន និងជាអតីតមេបញ្ជាការយោធា ផ្នែកសឹករងសន្ទុក នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ ក្រោយក្លាយខ្លួនជាអតីតយុទ្ធជន ដោយបានទទួលនូវប្រាក់គោលនយោបាយឧបត្ថម្ភ ចេញពីជួរកងទ័ព របស់ រាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិ គាត់បានទិញដីមួយកន្លែងដើម្បីរស់នៅកសាងជីវភាពគ្រួសារក្នុងជីវភាពជាជនស៊ីវិល។ ដោយឡែក នៅឆ្នាំ ២០១៧ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី សាងសង់ផ្ទះមួយខ្នងដែលមានទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រសាងសង់ពីឈើខ្ពស់ផុតពីដី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនគាត់និងក្រុមគ្រួសារ បានរស់នៅលើទីតាំងដីថ្មីនេះ ។ក្នុងឱកាសទៅស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅ របស់អតីតយុទ្ធជននៅស្រុកសន្ទុកនាពេលនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនក្រុមគ្រួសារលោកយ៉េត ហុន មានគ្រឿងឧបភោគបរិភោគ  និងថវិកា មួយចំនួនផងដែរ ។លោកវរសេនីយ៍ទោ យ៉េត ហុន និងក្រុមគ្រួសារសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម ទាំង គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅគ្រប់ លំដាប់ថ្នាក់ដែលបានបង្កលក្ខណៈជួយដោះស្រាយគ្រប់យ៉ាងដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារគាត់ឲ្យមានជីវភាពធូធារនៅពេលនេះ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *