អភិបាលខេត្តកំពង់ធំ ប្រកាសតំបន់វិនិច្ឆ័យ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលប្រមុខរាជរដ្ឋភិបាល បានផ្តល់សិទ្ធិបន្ថែមជូនប្រជាពលរដ្ឋនៅក្នុងដីតំបន់២ កាត់ឆ្វៀលមកតំបន់១

ខេត្តកំពង់ធំ៖ ឯកឧត្តម ងួន រតនះ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២.ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលប្រមុខរាជរដ្ឋភិបាល បានផ្តល់សិទ្ធិបន្ថែមជូនបងប្អូនប្រជាពលរដ្ឋដែលបានកំពុងរស់នៅ និងអាស្រ័យផលជាក់ស្តែងនៅក្នុងដីតំបន់២ កាត់ឆ្វៀលមកតំបន់១ មានចំនួន ៩.១១៤គ្រួសារ នៅលើក្រុងស្រុកចំនួន ៥ ក្នុងចំណោម ៩ក្រុងស្រុក ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ .ខណដែលពិធីនេះនៅឃុំម្សាក្រង ស្រុកស្ទោង កំពង់ធំ ។

នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម ងួន រតនះ បានថ្លែងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺការចុះបញ្ជីដីធ្លី ទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី ហើយការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធមានសារៈសំខាន់ណាស់ ដល់ប្រជាពលរដ្ឋម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹង ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់អចលនវត្ថុ  ជាឯកសារសំអាង រឹងមាំ ដោយមិននណាម្នាក់មកបំពានយកដី ព្រំប្រទល់ដីបាននោះទេ។ លើសពីនេះទៀត ឯកឧត្តម បានបញ្ជាក់បន្ថែមអំពីនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើតាមដំណាក់ គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹង ដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី។ ចំពោះការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរយៈពេល១៥ថ្ងៃដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដីនិងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។

ចុងក្រោយឯកឧត្តម ងួន រតនះ ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យត្រៀមលក្ខណៈទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅដើមខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាដើម្បីជ្រើសរើសមេដឹកនាំមូលដ្ឋានដែលខ្លួនស្រឡាញ់ តាមបែបលទ្ធិប្រជាធិបតេយ្យ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *