ខេត្តកំពង់ឆ្នាំងៈ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានជម្រុញបែបនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ។ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បញ្ជាក់ទៀត
ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនវៀតណាម នេះអាជ្ញាធរគ្រប់មូលដ្ឋានទាំងអស់ ពិសេសតាមផ្សារនានាទាំងនៅក្នុងក្រុង ស្រុក និង បណ្តាទីប្រជុំជន ត្រូវមានវិធានការឲ្យបានច្បាស់លាស់ក្នុងកិច្ចការ ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយបានល្អ ។ ព្រោះថានៅពេលនេះបងប្អូនដែលមានជាប់សែស្រឡាយចិនវៀតណាមនិងមកច្រើនជាពិសេសទីផ្សារត្រូវតែយកចិត្តទុកដាក់បំផុត ដោយមិនឲ្យមានការកកស្ទះក្នុងការធ្វើដំណើរ និង ត្រូវការពារឲ្យបាននូវរាល់បទល្មើសនានា កុំង៊អោយ ក្រុមជនខិលខូចនងឆ្លៀតធ្វើសកម្មភាពបាន។ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានបញ្ជាក់ទៀតថា ចំពោះរថយន្តពន្លត់អគ្គិភ័យត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមចេញអន្តរាគមន៍ឲ្យបានទាន់ពេលវេលា នៅពេលមានឧប្បត្តិហេតុកើតឡើងភ្លាមៗ ។ ជាពិសេសអាជ្ញាធរដែនដីនិងសមត្ថកិច្ចត្រូវចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន អុជធូបទៀន ឬ ប្រើប្រាស់ភ្លើងអគ្គិសនី ក្នុងពេលសែនដូនតា មុននឹងចេញពីផ្ទះត្រូវ ពន្លត់ភ្លើងផ្សែងឲ្យបានអស់ និងរឹតបន្តឹងកុំឲ្យដុតផាវដែលអាចបង្កគ្រោះអគ្គិភ័យ និង គ្រោះថ្នាក់ផ្សេងៗ និង បង្កសំលេងរំខានផងដែរ ។ ជាមួយនេះក៏ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ជាប្រចាំ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន វៀតណាមនេះ ផងដែរ ៕ដោយសុក្ខារិន