ខេត្តប៉ៃលិន ៖ គេសង្កេតឃើញរមណីយដ្ឋាន និងអាហារដ្ឋានមួយកន្លែង នៅជាប់នឹងមាត់អូរព្រំដែនកម្ពុជាថៃ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានយីហោ «មហាមិត្ត» ត្រូវបានម្ចាស់បង្កើតឡើងថ្មី ប្រហែល៣ឆ្នាំមកហើយ រហូតមកដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ ត្រូវបានរៀបចំតុបតែង បង្ហាញនូវទិដ្ឋភាពស្រស់ស្អាត ធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ ខណ:មានភ្ញៀវជាតិ និងអន្តរជាតិ ក៏ធ្លាប់ចូលលេងកម្សាន្ត និងហូបអាហារនៅក្នុងអាហារដ្ឋានមួយនេះ ផងដែរ។
បើតាមការរៀបរាប់ពីបុរស ចូ ម៉ុងលី ជាម្ចាស់រមណីយដ្ឋាន និងអហារដ្ឋាន មហាមិត្ត បានរៀបរាប់ឱ្យដឹងថា ៖ លោកបានចាប់ផ្តើមបើករមណីយដ្ឋាន និងអាហារដ្ឋានមួយកន្លែងខាងលើនេះ អស់រយ:ពេល៣ឆ្នាំមកហើយ ស្ថិតនៅក្បែរមាត់អូរព្រំដែនកម្ពុជាថៃ ដែលមានម្ហូបកុម្មង់គ្រប់ប្រភេទ។ គ្រាន់តែចាប់ផ្តើមបើកដំបូងភ្លាម ស្រាប់តែបញ្ហាជំងឺកូវីដ ១៩ ផ្ទុះឡើង ធ្វើឱ្យហាងរបស់ខ្លួន ត្រូវបានបិទទ្វារអស់រយ:ពេលយ៉ាងយូរ ដោយទើបតែបើកឱ្យដំណើរការឡើងវិញបានប្រហែល២ខែនេះប៉ុណ្ណោះ។ លោកបន្តទៀតថា ម្ហូបនៅក្នុងអាហារដ្ឋានរបស់ខ្លួនមាន ឆាកែងកន្ធាយ តុមយ៉ាំគ្រឿងសមុទ្រ ចំហុយត្រីក្រូចឆ្មា ឆាពោតលីង និងម្ហូបអាហារផ្សេងៗទៀត ចំនួន៤៦មុខ ក៏អាចមានលើសនេះថែមទៀតផងដែរ ។
លោកបន្ថែមថា ភ្ញៀវភាគច្រើនចូលចិត្តកុម្មង់ម្ហូបត្រីចំហុយក្រូចឆ្មា និងញាំត្រីប្លាធូ ជាពិសេសឆាពោតលីង ដោយទិញ១ចានហើយ ១ចានទៀត ជាប្រចាំ ព្រោះសរសើរថា ជាម្ហូបឆ្ងាញ់ ដោយភ្ញៀវភាគច្រើន គឺរស់នៅក្នុងខេត្តប៉ៃលិនផ្ទាល់ ចូលមកជាលក្ខណ:គ្រួសារ ឬនាំបងប្អូនមកពីតាមបណ្តាខេត្តនានាផងដែរ។ ចំណែកការកុម្មង់ម្ហូបអាហារវេចខ្ចប់ គឺភ្ញៀវតែងតែទូរស័ព្ទកុម្មង់ទិញជារៀងរាល់ថ្ងៃតែម្តង ដោយមានជនជាតិថៃ ដែលមកស្នា ក់នៅធ្វើការងារជាបុគ្គលិកកាស៊ីណូក្នុងភូមិផ្សារព្រំតែម្តង។
លោកក៏សូមថ្លែងអំណរគុណដល់ភ្ញៀវទេសចរក្នុងខេត្ត ក៏ដូចជាមកពីតាមបណ្តាខេត្តនានា ព្រម ទាំងរាជធានីភ្នំពេញ ដែលតែងតែនិយមគាំទ្រចូលលេងក្នុងរមណីយដ្ឋាន និងហូបអាហាររបស់ខ្លួន ឱ្យមានសុខភាពល្អ កម្លាំងមាំមួន និងប្រកបការងារទទួលជោគជ័យគ្រប់ភារកិច្ច ជាពិសេសលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន៕ ដោយ ៖ នីយ៉ា