ដោយ៖ស៊ឹម ចរិយា
ព្រះវិហារៈឯកឧត្ដម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ បានលើកឡើងថា វិស័យអាណាចក្រ និងពុទ្ធចក្រ មានការអភិវឌ្ឍន៍រីកចម្រើនច្រើន ក្រោមការដឹកនាំដ៍ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ការលើកឡើងបែបនេះ របស់ឯកឧត្ដមទេសរដ្ឋមន្ត្រី មាស សុភា ក្នុងឱកាសដែលឯកឧត្ដមអញ្ជើញចូលរួម ក្នុងពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូប «អង្គធំ» កសាងអំពីស្ពាន់សុទ្ធ និងបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តប្រាសាទគោកបេង ស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ។
ក្នុងពិធីបុណ្យនេះ មានការចូលរួមពីឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ឯកឧត្ដម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពុទ្ធបរស័ទជិត ឆ្ងាយ ជាច្រើនរូបទៀត។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានថ្លែងកោតសរសើរដល់លោកគ្រូព្រះចៅអធិការវត្តគោកបេង និងជាព្រះមេគណខេត្តព្រះវិហារ ដែលបានដឹកនាំវិស័យព្រះពុទ្ធសាសនា នៅក្នុងខេត្តមានការរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់ជាតិ។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងទៀតថា ផ្នែកអាណាចក្រក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល មានការរីកចម្រើនខ្លាំង ដែលកត្តានេះ ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព មានស្ថេរភាពនយោបាយ មានសន្តិសុខសាធារណៈល្អ យើងបានធ្វើសមាហរណកម្មជាមួយអន្តរជាតិ ផ្នែកសេដ្ឋកិច្ចយើងមានការរីកចម្រើន។ ឯកឧត្ដម បន្តថាបើផ្នែកអាណាចក្រគ្មានការរីកចម្រើនទេ ផ្នែកពុទ្ធចក្រក៏គ្មានការរីកចម្រើនដែរ ហើយផ្នែកពុទ្ធចក្រ ក៏បានជួយផ្នែកអាណាចក្រដែរ ដូចជាជួយផ្នែកអប់រំ ផ្នែកមនុស្សធម៍ ផ្នែកវប្បធម៌។
ដោយឡែកឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងចាត់ទុកសមិទ្ធិផលនានា ដែលបាននិងកំពុងកសាងឡើងនៅក្នុងវត្តគោកបេង ជាសមិទ្ធិផលប្រវត្តិសាស្ត្រ និងជាស្នាដៃគួរជាទីទាក់ទាញទេសចរ បង្កើនកិត្យានុភាពនៃវិស័យព្រះពុទ្ធសាសនា ក្នុងខេត្តព្រះវិហាររបស់យើង ក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ៕