ខេត្តប៉ៃលិន ៖ ខណ:ពេលដែលឱកាសបុណ្យចូលឆ្នាំចិន ជិតឈានចូលមកដល់ អាជ្ញាធរខេត្តប៉ៃលិន ដឹកនាំដោយ ឯកឧត្តម ធូ ភា អភិបាលរងខេត្ត បានចុះសម្អាតបរិស្ថាននៅតាមមាត់ស្ទឹង និងក្នុងពោះស្ទឹង ដើម្បីរក្សាសោភ័ណភាព និងអនាម័យបរិស្ថាន ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យចូលមកលេងកម្សាន្តយ៉ាងច្រើនកុះករ ។
ហេតុការណ៍អភិបាលខេត្ត ណែនាំឱ្យអភិបាលរងខេត្ត ដឹកនាក្រុមការងារចុះរើសសម្រាមនៅតាមមាត់ស្ទឹងបរយ៉ាខានេះ បានកើតឡើងកាលពីថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ប្រភពព័ត៌មានពីឯកឧត្តម ធូ ភា អភិបាលរងខេត្ត បានមានប្រសាសន៍ឱ្យដឹងថា ៖ ដោយគោ រពតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ទើបរហូតមកដល់ពេលនេះ ក្រុមការងារ និងក្មួយៗ សិស្សានុសិស្ស បាននាំគ្នាសស្រាក់សស្រាំ ចុះធ្វើអ នាម័យនៅតាមដងស្ទឹង តាមពោះស្ទឹងបរយ៉ាខា ចាប់ពីចំណុចស្ពានតារាបទៅក្រោមខ្សែទឹក ។ ប្រភពដដែលបន្តទៀតថា អ្នកខ្លះកាត់ស្មៅក្បែរមាត់ស្ទឹង ខ្លះរើសស្លឹកឈើ កាកសំណល់ថង់ចាស់ៗ ដែលគេបោះចោល ហើយខ្លះទៀត ដុតសម្រាមមែកឈើ ស្លឹកឈើ ដែលបាក់រាយប៉ាយនៅក្បែរកន្លែងនោះ ដើម្បីឱ្យបានស្រឡះល្អ ងាយស្រួលក្នុងការទាក់ទាញភ្ញៀវ ឱ្យចូលមកលេងកម្សាន្តកាន់ តែច្រើន ។ ចំពោះការនាំគ្នាធ្វើពលកម្មសម្អាតទីធ្លាមាត់ស្ទឹងនេះ គឺជាគម្រូដ៏ល្អ សម្រាប់ឱ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ យកចិត្តទុកដាក់ថែរក្សាផ្ទះសម្បែងរបស់ខ្លួនឱ្យបានល្អ ដោយមិនត្រូវបោះចោលសម្រាមពាស់វាលពាសកាលនាំឱ្យប៉ះពាល់ដល់បរិស្ថាន ជាពិសេសបើបោះចោលយូរៗ ទៅ អាចបង្កទៅជាធូលីហុយចូលច្រមុះ ក្លាយជាជម្ងឺផ្លូវដង្ហើម ប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាពិសេសក្មេងតូចៗ តែម្តង ។ ម្យ៉ាងវិញទៀត បើកន្លែងលេង មានសោភ័ណភាពល្អ ថែមទាំងមានទឹកហូររឹមៗ នៅក្នុងស្ទឹង អាចនឹងញ៉ាំងចិត្ត ភ្ញៀវទេសចរឱ្យនឹកឃើញកន្លែងដែលគេធ្លាប់មកទស្សនាកម្សាន្ត ហើយនឹងមកលេងនាពេលក្រោយៗទៀត ដោយនាំមិត្តភក្តិបងប្អូន ពីតាមបណ្តាខេត្ត ឱ្យចូលមកលេងក្នុងខេត្តប៉ៃលិន កាន់តែច្រើនឡើងៗ ។ លើសពីនេះ បើមានភ្ញៀវចូលមកលេងក្នុងខេត្តកាន់តែច្រើន នោះចំណូល ដោយការលក់ដូររបស់ប្រជាពលរដ្ឋក្នុងខេត្តក៏កាន់តែដាច់ច្រើន មិនព្រួយបារម្ភពីជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ដែលធ្វើការលក់ដូរនៅតាមរមណីយដ្ឋាននានាក្នុងខេត្តនោះឡើយ ។ ដូច្នេះ អាជ្ញាធរខេត្ត តែងតែសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាថែរក្សាអនាម័យផ្ទះសម្បែង និងផ្លូវសាធារណ: មិនត្រូវបោះចោលសម្រាមផ្តេសផ្តាស នាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងមុខមាត់ខេត្តប៉ៃលិននោះឡើយ ៕ ដោយ ៖ នីយ៉ា