ភ្នំពេញ៖សូមមានការប្រុងប្រយ័ត្នពីបាតុភូតធម្មជាតិដែលអាចកើតឡើងជាយថាហេតុចាប់ពីថ្ងៃទី២០ដល់២៦មេសាឆ្នាំ២០២២។នេះបើតាមក្រសួងធនធានទឹកនឹងឧតុនិយម។
យោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២០-២៦ ខែមេសា ឆ្នាំ២០២២របស់ក្រសួងធនធានទឹកនឹងឧតុនិយមនៅថ្ងៃទី១៩មេសាបានលើកឡើងថាក្នុងអំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ប៉ាស៊ីហ្វិក)
និងកម្រិតសម្ពាធទាបខ្សោយ ។
ក្រសួងថាស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សាសេនឹង សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ អង្សាសេ។អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកកន្លែង ខ្លះក៍អាចមានភ្លៀងច្រើនជាបង្ហូរផងដែរ ។
ចំណែកបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមាន
សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេនឹងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ។អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ចំណែកតំបន់មាត់សមុទ្រមាន
សីតុណ្ហភាពអប្បបរមា មានពី ២២-២៦ អង្សាសេនឹងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ។ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ក្នុងនោះខេត្ត កោះកុង អាចទទួលនូវបរិមាណទឹកភ្លៀងច្រើនជាងគេ ។
ក្រសួងថាអាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន និងបង្កើន ការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ៕