អភិបាលខេត្តត្បូងឃ្មុំ បានដាក់ចេញ វិធានការទប់ស្កាត់ការឆ្លងចូលសហគមន៍នៃជំងឺកូវីដ១៩ ពិសេសតាមបន្ទាត់ព្រំដែន

ត្បូងឃ្មុំ :  ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដាក់ចេញនូវវិធានការ ដើម្បីបង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់ ក្នុងគោលដៅបង្ការ  ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខណៈប្រទេសវៀតណាម កំពុងបន្តឆ្លងរាលដាល។ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ពីគោលបំណងនៃកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីវិធានការបង្ការ និងទប់ស្កាតការឆ្លងរាលដាល នៃជម្ងឺកូវីត ១៩ នៅក្នុងសហគមន៍ នៃភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដល់មន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក រដ្ឋបាលឃុំ សង្កាត់ ដើម្បីក្តាប់សភាពការណ៍ពង្រឹងបង្ការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ ១៩ នៅតាមបន្ទាត់ព្រំដែន ក៏ដូចជានៅតាមមូលដ្ឋាន និងពង្រឹងបង្ការរាល់បាតុភាពបង្កអសន្តិសុខផ្សេងៗក្នុងមូលដ្ឋាន និងធានាឲ្យបាននូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល។ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក កងកម្លាំង និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរួមសហការគ្នា ថែរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ពិសេសរួមគ្នាបង្ការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។  ជាមួយគ្នា នោះ  កងកំលាំងមានសមត្ថកិច្ចទាំងអស់ ដែលស្ថិតក្រោមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់គ្រប់ពេលវេលា ធានាឲ្យបាននូវស្ថេរភាព សុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បង្ការទប់ស្កាត់ ដោះស្រាយបញ្ហាដែលបង្កអសន្តិសុខទូទាំងខេត្តទាំងអស់ឲ្យមានប្រសិទ្ធភាព  ៕សហការី

You might like

Leave a Reply

Your email address will not be published. Required fields are marked *