កំពង់ចាមៈ រយៈពេលបី ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរប្រមាណជាងកន្លះលាន នាក់បានមកលេងកម្សាន្ត នៅតាមសង្រ្កាន្តនានា ពិសេសសង្រ្កាន្តនៅខាងមុខសាលាខេត្ត ក្នុងក្រុងកំពង់ចាមមានភ្ញៀវចំនួន ៤៦០.៧៤៥ នាក់ពោល គឺភ្ញៀវកើនទ្វេដងច្រើនជាងកាលពីពីរ ឆ្នាំមុនមិនទាន់ផ្ទុះជំងឺកូវីដ ១៩ ។ លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាមបានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៧ មេសានេះថាៈ ក្នុងឱកាសបុណ្យឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ រយៈពេល បី ថ្ងៃចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២២ នេះមានភ្ញៀវទេសចរដែលមកទស្សនា លេងកម្សាន្ត នៅតាមបណ្តារមណីយដ្ឋាន និងកន្លែងកម្សាន្តក្នុងខេត្តកំពង់ចាមសរុបចំនួន ៥១៤.៤៤៧ នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន ៥១៣.៩៤៣ នាក់ និងភ្ញៀវបរទេសចំនួន ៥០៤ នាក់។លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមរូបនេះបានឱ្យដឹងទៀតថាៈ ក្នុងនោះរមណីយដ្ឋាន និងកន្លែងកម្សាន្តដែលភ្ញៀវនិយមមកលេងច្រើនជាងគេមាន សង្រ្កាន្តនៅវាលខាងមុខសាលាខេត្តក្រុងកំពង់ចាម, រមណីយដ្ឋានទឹកឆា,រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន,រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ,រមណីយដ្ឋានគនរបាជ័យ,រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ,អាហារដ្ឋានស្មៅទន្លេ, អាហារដ្ឋានសួនស្នេហ៍សុភមង្គល ជាដើម…។លោក សុគុន បានបន្តថាៈ ការដែលភ្ញៀវបានមកលេងកម្សាន្ត និងទស្សនាខេត្តកំពង់ចាមមានការកើនឡើងទ្វេដង ជាងបណ្តាឆ្នាំមុនផ្ទុះជំងឺកូវីដ ១៩ បែបនេះ គឺដោយសារកត្តាភ្ញៀវជាយុវជនភាគច្រើន បានខកខានចំនួនពីរ ឆ្នាំ នៃពិធីបុណ្យប្រពៃណីជាតិមួយនេះ ការរៀបចំពិធីស្រោចបាញ់ទឹក និងពិសេសមានការរៀបចំបានល្អ ពីសំណាក់រដ្ឋបាលខេត្តកំពង់ចាម គឺលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងសហការីបានដឹកនាំលេងកម្សាន្តផ្ទាល់ ជាមួយប្រជាពលរដ្ឋរយៈពេលបីថ្ងៃតែម្តង៕SKS