ខេត្តកំពង់ឆ្នាំង៖ បន្ទាប់ពីមានការរិះគន់ពីមជ្ឈដ្ឋាននានាដែលបានថា លោកមេឃុំឆ្នុកទ្រូ និងមន្ត្រីមួយចំនួននៃមន្ទីរពាក់ព័ន្ធ បានឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងដើម្បីយកជាប្រយោជន៍របស់ខ្លួន ពាក់ព័ន្ធទៅនឹងការចោទប្រ កាន់ខាងលើនេះ លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ និងលោកក្រុមប្រឹក្សាឃុំឆ្នុកទ្រូ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈឆ្នាំ ២០២១នេះ បានផ្ដល់បទសម្ភាសន៍ជាមួយនិងមន្ត្រីពាក់ព័ន្ធទៅនឹងការឈូសឆាយដីព្រៃរបស់រដ្ឋខាងលើនេះឲ្យដឹងថា ទីតាំងដីដែលលោកបានត្រាស់សេធ្វើផ្លូវនៅចំណុចនេះ កន្លងមកតាមផែនការអភិវឌ្ឍន៍នៅឃុំឆ្នុកទ្រូ ដោយមានការឯកភាពពីថ្នាក់លើ ដែលក្រុមប្រឹក្សាឃុំឆ្នុកទ្រូ បានដាក់សំណើទៅកាន់រដ្ឋ បាលខេត្ត និងក្រសួងកសិកម្ម ដោយបានស្នើសុំដីព្រៃ លិចទឹកនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ធ្វើជារណ្ដៅជីកយកអាចម៍ដីទៅចាក់ធ្វើទីតាំងផ្សារថ្មី និងកំពង់ផែថ្មី ហើយសំណើរនេះ គឺអាជ្ញាធរខេត្ត ក៏បានឯកភាព ដោយបានបញ្ជូនទៅក្រសួងកសិកម្ម ហើយក្រសួងសិកម្មក៏បានឯកភាពហើយផងដែរ ។ ហើយថ្មីៗនេះ ខាងក្រុមហ៊ុនដែលបានទទួលសិទ្ធិធ្វើការងារនេះបានឈូសឆាយដីព្រៃដែលមានការអនុញ្ញាតឲ្យត្រាស់ សេផ្លូវ ដើម្បីធ្វើទៅតាមផែនការខាងលើ។
ដូច្នេះចំពោះការវាយប្រហាររបស់ជនមួយចំនួនដែលថា រដ្ឋបាលឃុំឆ្នុកទ្រូ ឃុបឃិតជាមួយក្រុមហ៊ុនលួចឈូសបំផ្លាញផ្លាញព្រៃលិចទឹកតំបន់៣ យ៉ាងអនាធិបតេយ្យនោះ គឺជារឿងមិនពិតនោះឡើយ ។
លោកសាំងស៊នមេឃុំឆ្នុកទ្រូ បានបញ្ជាក់ទៀតថា ការពិតនៅចំណុចដីខាងលើនេះគឺមានព្រៃរបោះៗដែលនៅជាប់នឹងភូមិរបស់ប្រជាពលរដ្ឋ និងជាដីរបស់រដ្ឋដែលថ្នាក់លើបានអនុញ្ញាតទើបអាជ្ញាធរឃុំ និងក្រុមហ៊ុនអនុវត្តទៅតាមសំណើរ អា ជ្ញាធរនិងក្រុមហ៊ុនមិនហ៊ានធ្វើអ្វីទៅតាមទំនើងចិត្ត ដើម្បីផលប្រយោជន៍ឯកជននោះឡើយ។
ជុំវិញបញ្ហាខាងលើនេះដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី០៤ ខែកុម្ភៈនេះ បានឆ្លើយក្រុមអ្នកសារព័ត៌មានតាមទូរសព្ទបញ្ជាក់ឲ្យដឹងថា អាជ្ញាធរឃុំពិតជាបានស្នើសុំដីព្រៃលិច ទឹកដើម្បីជីកយកអាចម៍ដីទៅចាក់នៅទីតាំងផ្សារថ្មីនិងកំពុងផែថ្មីពិតមែន ដែលសំណើនេះក្រសួងកសិកម្មបានឯកភាពហើយ និងបានបញ្ជូនទៅប្រមុខរាជរដ្ឋាភិបាលពិនិត្យសម្រេច ដូច្នេះផែនការនេះពិតជាដំណើរការទៅ មុខមិនថយក្រោយឡើយ៕ដោយសុក្ខារិន