ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា កម្ពុជា លើកទឹកចិត្តដល់បណ្ដាប្រទេសនានា ពន្លឿនការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំសហគមន៍ ដែលជាវិធានការឆ្លើយតប ដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុត។
ក្នុងពិធី ប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ ពីប្រជាជន និងរដ្ឋាបាលឥណ្ឌា នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កម្ពុជាកោតសរសើរ ជូនដល់សមាជិកនៃគំនិតផ្តួចផ្តើមចតុភាគី ក៏ដូចជាបណ្តាប្រទេសនានានៅជុំវិញសកលលោក ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទាំងក្នុងប្រទេសតំបន់ និងសកលលោកទាំងមូល ដើម្បីធានាបាននូវការងើបឡើងវិញយ៉ាងឆាប់រហ័សនៃ សកម្មភាពសង្គម-សេដ្ឋកិច្ច។
សម្ដេចតេជោ បន្ដថា ទោះជាយ៉ាងនេះក្តី ក្នុងស្ថានភាពបច្ចុប្បន្ននេះ មិនត្រូវភ្លេចខ្លួន ដោយប្រទេសជាច្រើននៅបន្តទទួលរងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងមិនទាន់អាចបើកដំណើរការសកម្ម ភាពសង្គម-សេដ្ឋកិច្ច ពេញលេញឡើងវិញបាននៅឡើយ។ ការអូសបន្លាយនៃការឆ្លងរាលដាល គឺជាហានិភ័យ សម្រាប់ទាំងអស់គ្នា ដែលអាចបង្កឲ្យមានការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩ ក៏ដូចជាការធ្លាក់ចូលទៅក្នុងវិបត្តិសង្គម-សេដ្ឋកិច្ច។
សម្ដេចតេជោ បញ្ជាក់ថា «ក្នុងស្មារតីនេះ កម្ពុជា សូមលើកទឹកចិត្តឲ្យការជំរុញ និងពន្លឿនការចាក់វ៉ាក់សាំង បង្កើតភាពសុំសហគមន៍ ដែលជាវិធានការឆ្លើយតប ដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុត។ ជាក់ស្តែង ជាមួយស្មារតីបុរេសកម្ម និងកិច្ចខិតខំខ្នះខ្នែង ក្នុងការស្វែងរកវ៉ាក់សាំង និងការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង កាលពីខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាអាចសម្រេចបាននូវភាពសុំសហគមន៍ពេញលេញ ក្នុងរយៈពេលត្រឹមប្រមាណ ៨ខែប៉ុណ្ណោះ»។
សម្ដេចតេជោ បន្ថែមថា សមិទ្ធផលដ៏ត្រចះត្រចង់នេះ អនុញ្ញាតឲ្យកម្ពុជា បើកប្រទេសឡើងវិញលើគ្រប់វិស័យ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ និងអាចរក្សាដំណើរការ សកម្មភាពសង្គម-សេដ្ឋកិច្ច ជាប្រក្រតីរហូតមកទល់ពេលនេះ ទោះបីជាមានការគំរាមកំហែងជាបន្តបន្ទាប់ពី ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង (Omicron) ដែលបានចម្លង ចូលទៅក្នុងសហគមន៍កម្ពុជា នៅដើមឆ្នាំ២០២២ នេះ ក៏ដោយ ។ សម្ដេច ថា ការណ៍នេះ ឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធ ភាពនៃវ៉ាក់សាំង ដែលអនុញ្ញាតឲ្យកម្ពុជាអាចរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ប្រកប ដោយភាពរឹងមាំ និងសុវត្ថិភាព ។
លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី លើកឡើងថា ជាលទ្ធផល នាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករ ថាសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងអត្រា ៥,៣% នៅក្នុងឆ្នាំ២០២២ និង ៦,៥% នៅក្នុងឆ្នាំ២០២៣៕