ខេត្តព្រះសីហនុ៖ ជនរងគ្រោះមួយគ្រួសារ មានឪពុក ម្តាយនិងកូនប្រុសតូចម្នាក់ជាភាគីខាងម៉ូតូ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបុរសជាប្តីនិងជាឪពុកបានស្លាប់ ចំណែកស្ត្រីជាភរិយានិងកូនប្រុសតូចរងរបួស វេលាម៉ោងជាង៩ព្រឹកថ្ងៃ ទី ១២ ខែ មេសា ឆ្នាំ ២០២២ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៩-១១០ ភូមិស្ទឹងច្រាល ឃុំអូរបាក់ទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
សមត្ថកិច្ចឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍មួយករណីនេះកើតឡើងរវាងរថយន្តនិងម៉ូតូ បើកបរទិសដៅ បញ្រ្ចាសគ្នា ក្នុងនោះភាគីរថយន្តម៉ាកTACOMA ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AX-8991 បើកបរដោយឈ្មោះ ហ៉ីម ប្រាស្រ័យ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ បុកប៉ះ ជាមួយម៉ូតូ ០១គ្រឿង ម៉ាកHONDA DREAM ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1W-4901 ជិះឌុបគ្នា៣ (ឪពុក ម្តាយនិងកូនប្រុស) បើកបរដោយឈ្មោះ សែម សុខម៉ី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិគ្រួស ឃុំព្រៃព្នៅ ស្រុកពារាំ ខេត្តព្រៃវែង បណ្តាលឲ្យឈ្មោះ សែម សុខម៉ី អ្នកបើកបរម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ (ត្រូវ ជាប្តីនិងជាឪពុក)។
ចំណែកឈ្មោះ ទួន ហ្វុន ភេទស្រី អាយុ២២ឆ្នាំ ជាប្រពន្ធនិងជាម្តាយរងរបួសធ្ងន់ ព្រមទាំងក្មេងប្រុសឈ្មោះ វៃ សុខមាន អាយុ០៣ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ រងរបួសស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍បញ្ជូនជនរងគ្រោះ ២នាក់ ម្តាយនិងកូន ទៅសង្រ្គោះនៅមន្ទីពេទ្យ និងបានឃាត់ខ្លួន អ្នកបើកបររថយន្តនាំដោះស្រាយបន្តតាមនីតិវិធី ៕