ដោយ៖ស៊ឹម ចរិយា
ព្រះវិហារៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារមន្ទីរពេទ្យ១ខ្នង ស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកជាំក្សាន្ត ក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាអំណោយ ដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ពិធីនេះមានការចូលរួមពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។
នៅក្នុងឱកាសនេះដែរ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បុគ្គលិកគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ គ្មួយៗសិស្សានុសិស្សទាំងអស់ទូទាំងខេត្តព្រះវិហារ ពិសេសនៅស្រុកជាំក្សាន្ត និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលសម្រេចផ្តល់នូវអគារដល្អនិងស្រស់ស្អាត១ខ្នងនេះ។
លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានថ្លែងបញ្ជាក់ទៀតថា បច្ចុប្បន្ននេះហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលជាច្រើន ជាពិសេសតាមតំបន់ព្រំដែនដាច់ស្រយ៉ាល ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់អនុសាសន៍និងថវិកាដើម្បីសាងសង់ មណ្ឌុលសុខភាពតាមតំបន់ព្រំដែន ក៍ដូចតាមតំបន់ដាច់ស្រយ៉ាល។ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងលើកឡើងផងដែរថា គោលនយោបាយរបស់រាជរដ្ឋាភិបាល អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះនិងកូនអាយុ២ឆ្នាំ នៃគ្រួសារដែលមានបណ្ណសមធម៌ ឬបណ្ណអាទិភាពដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ក្នុងគោលបំណងចម្បងដើម្បីលើកកម្ពស់សុខភាពមាតានិងទារក ព្រមទាំងដោះស្រាយកង្វះខាតអាហាររូបត្ថម្ភ របស់កុមារក្នុងគ្រួសារក្រីក្រចាប់ពីកូនក្នុងផ្ទៃរហូត២ឆ្នាំ ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា ប្រាជ្ញាស្មារតី ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានថ្លែងអំពាវដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋាន ដូសជំរុញ ពិសេសកុមារចាប់ពីអាយុ៣ឆ្នាំ។
សូមមន្ត្រីសុខាភិបាលទាំងអស់ ខិតខំបន្តថែមទៀតធ្វើយ៉ាងណាផ្តល់សេវាសុខភាពប្រកបដោយសមធម៍ ប្រសិទ្ធភាព គុណភាពនិងសុវត្ថិភាពជូនប្រជាជន ដោយមិនទុកឱ្យនណាម្នាក់ ដោយមិនបានថែទាំសុខភាពនោះឡើយ។ អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ភូមិ ក្នុងស្រុកជាំក្សាន្ត មកទទួលការថែទាំនូវមូលដ្ឋានសាធារណៈនិងទទួលបានសេវាសមស្រប តាមបច្ចេកទេសវេជ្ជសាស្ត្រ ពិសេសការផ្តល់សេវាពិនិត្យថែទាំមុនអំឡុងពេលនិងក្រោយសម្រាលដោយសុវត្ថិភាព។ ដោយឡែកតាមរបាយការណ៍សាងសង់៖ អគារព្យាបាលថ្មី១ខ្នងនៅក្នុងមន្ទីរពេទ្យបង្អែកជាំក្សាន្តនេះ មានទំហំ៣៧.៦ម៉ែត្រគុណ១៨ម៉ែត្រមានកំពស់២ជាន់ មាន១៧បន្ទប់ ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៧ ខែវិច្ឆិការ ឆ្នាំ២០២០ និងបានរួចរាល់ជាស្ថាពរនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ដោយចំណាយថវិកាសាងសង់និងបំពាក់សម្ភារ សរុបចំនួន ៣.៤៤៨.៨៩១.០០០រៀលផងដែរ៕