មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ កម្ពុជានិងមេបញ្ជាការយោធភូមិភាគទី២ថៃ ជួបសំណេះសំណាល និងជូនពរគ្នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ដោយ៖ សេង ពិសិដ្ឋ

ព្រះវិហារៈ  ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ជាមេបញ្ជាការឯកភាពសមរភូមិទិសទី១ ប្រាសាទព្រះវិហារ នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំមេបញ្ជាការ មេបញ្ជាការង នាយទាហាន នាយនគរបាល តាមកងឯកភាពទឹសទី១ ជួបសំណេះសំណាល សួរសុខទុក្ខ ជូនពរឆ្នាំថ្មី ជាមួយភាគីថៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សះវះរ៉ាត សែងផុន មេបញ្ជាការយោធភូមិភាគទី២ និងសហការី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងថា ក្នុងនាមមេបញ្ជាការឯកភាពសមរភូមិទិសទី១ ប្រាសាទព្រះវិហារ ក៏ដូចជាក្នុងនាមកងពលធំអន្តរាគមន៍លេខ៣ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានលោកឧត្តមសេនីយ៍ទោ សះវះរ៉ាត សែងផុន មេបញ្ជាការយោធភូមិភាគទី២ ដឹកនាំប្រតិភូមកជួបសំណេះសំណាល និងជូនពរឆ្នាំថ្មី ជូនដល់ថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង នៃកងយោធពលខេមរភូមិន្ទ ទិសទី១ នាឱកាសនេះ។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបញ្ជាក់ថា នេះជាការបង្ហាញឲ្យឃើញពីទំនាក់ទំនងល្អ កិច្ចសហប្រតិបត្តិការរវាងកម្លាំងទាំង២ ក្នុងនាមភូមិផងរបងតែមួយ ស្របតាមគោលនយោបាយរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំង២កម្ពុជា-ថៃ។

លោកបន្ដថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់មានអនុសាសន៍ដាក់ចេញជាគោលការណ៍យុទ្ធសាស្ត្រគឺ បន្តចក្ខុវិស័យប្រែក្លាយតំបន់ប្រយុទ្ធ ឲ្យទៅជាតំបន់អភិវឌ្ឍន៍ ពីសមូររភូមិទៅទីផ្សារ ពីស្នូរគ្រាប់កាំភ្លើងទៅជាសម្ដែងសូត្រធម៌ ស្តាប់ភ្លេង ស្តាប់ចម្រៀង ពីតំបន់គ្រោះថ្នាក់ឲ្យទៅជាតំបន់ទេសចរណ៍ កសាងខ្សែព្រំដែនជាមួយប្រទេសជិតខាងឲ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *