(ភ្នំពេញ)÷ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូរបស់ក្រសួងការពារជាតិ ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ នឹងនាំយកនូវអំណោយរបស់ក្រសួងការពារជាតិ ទៅចែកជូនដល់ នាយទាហាន ថ្នាក់ដឹកនាំ.វេជ្ជបណ្ឌិត.ក្រុមគ្រូពេទ្យ គិលានុប្បថ គិលានុប្បដ្ឋាយិកា មន្ត្រីបុគ្គលិកបំរើការ នឹងយោធិន ជំងឺ របួស នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងសំរាកព្យាបាល នៅក្នុងមន្ទីរពេទ្យយោធាព្រះកេតុមាលា ចំនួន ៣៣០ នាក់ នាព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២២នេះ ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរនៅទូរទាំងប្រទេស កំពុងត្រៀមលក្ខណចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាឆ្នាំនេះ
។ ឧត្ដមសេនីយ៍ឯកវេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភា ហិញ្ញវត្ថុ ក្រសួងការពារជាតិ និងជាប្រធានមន្ទីរពេទ្យយោធាព្រះកេតុមាលា បានបញ្ជាក់ថា៖ មន្ទីរពេទ្យព្រះកេតុមាលា ក្រោមការដឹកនាំ បីបាច់ ឧបត្ថម្ភ គ្រប់បែបយ៉ាងពីថ្នាក់ដឹកនាំក្រសួងការពារជាតិ បានធ្វើឲ្យមន្ទីរពេទ្យមានគ្រប់លទ្ធភាព ក្នុងការទទួលពិនិត្យ ព្យាបាលជំងឺ របួស ជូនដល់យោធិន និងគ្រួសារយោធិន ព្រមទាំងប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមស្តង់ដារវិជ្ជាជីវៈ ក្រមសីលធម៌របស់មន្ទីរពេទ្យ ។ ឯកឧត្តម លី សុវណ្ណ បញ្ជាក់ថា បច្ចុប្បន្ននេះ ដោយសារជំងឺកូវីដ ១៩ នៅតែបន្តឆ្លងរាលដាលក្នុងសហគមន៍ ក្នុងប្រទេសយើងបានធ្វើឲ្យមន្ទីរពេទ្យ មមាញឹកខ្លាំង ក្នុងការទទួលពិនិត្យ ព្យាបាល ជំងឺទូទៅជូនដល់យោធិន គ្រួសារយោធិន និងប្រជាពលរដ្ឋផង និងមមាញឹក ក្នុងការផ្ដល់សេវាចាក់វ៉ាក់សាំងជូនដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ចាប់តាំងពីដុស ទី ១ ដុសទី២.ដុសទី៣ ហើយរហូតមកដល់ពេលនេះ ដុសទី ៤ សម្រាប់កងទ័ពដែលជាកម្លាំងជួរមុខគឺបានចាក់បញ្ចប់ហើយ ។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ បាននាំនូវក្តីនឹករលឹក ប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ ដ៏ជ្រាលជ្រៅ នឹងបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំក្នុងក្រសួងការពារជាតិ ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនយោធិនជំងឺ របួស ទាំងអស់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ នឹងនាយទាហានដែលជាវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ ក្នុងមន្ទីរពេទ្យព្រះកេតុមាលា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ដែលនឹងឈានចូលមកដល់នៅពេលដ៍ខ្លីខាងមុខ ដោយបានជូនពរ សព្វសាធុកាពរជ័យ សេរីមង្គល បវរមហាប្រសើរ ជូនដល់នាយទាហានទាំងអស់សូមឲ្យបានសមប្រកប ទៅដោយសេចក្ដីសុខ សេចក្ដីចម្រើន មានសុខភាពល្អមាំមួន មានសុភមង្គលក្នុងក្រុមគ្រួសារ អ្នកដែលមានជំងឺ របួស សូមឱ្យឆាប់ជាសះស្បើយពីរោគា ព្រមទាំងបានថ្លែងនូវការកោតសរសើរចំពោះ ថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត និងនាយទាហានក្រុមគ្រូពេទ្យ ដែលបានខិតខំពុះពារគ្រប់ការលំបាក ក្នុងការបម្រើដោះស្រាយ ការលំបាកគ្រប់យ៉ាងជូនបងប្អូនយោធិនមានជំងឺ របួស ក្នុងបរិបទកូវីដ-១៩ ក្នុងរយះពេលជាង ២ ឆ្នាំកន្លងមកនេះ ។ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានសុំចិត្ត ដល់យោធិន ជំងឺ របួស និងបុគ្គលិកពេទ្យយើងទាំងអស់ សុំមានការយោគយល់ដល់ការលំបាករបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយនូវការលំបាកមួយចំនួន មិនបានទាន់ពេលវេលា ដោយសាររាជរដ្ឋាភិបាល ក្នុងរយៈពេលជាង២ ឆ្នាំកន្លងមកនេះ ត្រូវបានបង្វែរថវិកា មកធ្វើការប្រយុទ្ធប្រឆាំងការពារទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ ១៩ ដូចជាការរៀបចំមន្ទីរពេទ្យ ការថែទាំ និងព្យាបាលជម្ងឺ ការដោះស្រាយកញ្ចប់ សាច់ប្រាក់ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ និងការស្វែងរកនូវវ៉ាក់សាំងការពារ ដើមី្បចាក់ជូនប្រជាពលរដ្ឋ ការពារពីជំងឺនេះ ដល់មន្ត្រីរាជការ.កងកម្លាំងប្រដាប់អាវុធ.ប្រជាពលរដ្ឋ យើងផងដែរ ។ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានរំលឹកដល់នាយទាហាន ជាយោធិន វេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ យោធិន ជំងឺ របួសទាំងអស់ ត្រូវចងចាំ និងយល់ពាក្យថា “អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!“ ព្រោះថា សន្តិភាព មានតម្លៃមិនសាបសូន្យ មិនថាថ្ងៃនេះ ឬថ្ងៃក្រោយនោះឡើយ ។ ដូច្នេះត្រូវការពារឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ។ ក្នុងនោះដែរ នាយឧត្តមសេនីយ៍ ក៍បានបន្តផ្តល់អនុសាសន៍ណែរនាំដល់ នាយ និងពលទាហាន ទាំងអស់ ឲ្យបន្តពង្រឹងពង្រីកស្មារតីរួមចំណែក ការពារសន្តិភាព ការពារទឹកដី ការពារភាពសុខសាន្តជូនប្រជាពលរដ្ឋ ពិសេសការពារ រាជរដ្ឋាភិបាល ដើម្បីធ្វើការប្រយុទ្ធប្រឆាំង ទៅនឹងពពួកអមិត្ត ដែលតែងតែរារាំងដល់កិច្ចដំណើការកសាងសន្តិភាព នឹងការអភិវឌ្ឍសង្គមកម្ពុជា នឹងប្រយុទ្ធប្រឆាំងទៅនឹងជម្ងឺឆ្លងកូវីដ១៩ (COVID-I9) ដែលកំពុងបន្តការរីករាលដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចនៅលើសកលលោក និងត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន នូវវិធាការសុខាភិបាល ៣កុំ ៣ ការពារក្រោមទិសស្លោកថា.( ការពារខ្លួនអ្នក គឺការពារគ្រួសារ នឹងមិត្តក្នុងសហគមន៍ ) ។ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានជូនពរសព្វសាធុការពរជ័យ សេរីមង្គល បវរមហាប្រសើរ ក្នុងឱកាសឆ្នាំថ្មី ដល់នាយ និងពលទាហាន ដែលជាថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ បុគ្គលិកបម្រើការ និងយោធិនជំងឺ របួស ដែលកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យទាំងអស់ ក្នុងឱកាសឆ្នាំថ្មីនេះសូមជួបប្រទះតែសំណាងល្អ សុខភាពល្អ ដើម្បីបំពេញភារកិច្ចជូនជាតិ និងមាតុភូមិ ដ៏បវរនៃយើង ។ អំណោយរបស់ក្រសួងការពារជាតិ ដែលបានឧបត្ថម្ភជូនដល់យោធិន ជំងឺ របួស ដែលកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យព្រះកេតុមាលានាពេលនោះ ចំនួន ៣៣០ នាក់ ដែលក្នុងម្នាក់ៗទទួលបាន ឃីត ១ កញ្ចប់ មានមី.ត្រីខ.ទឹកដោះគោ.ស្កសរ.នឹងថវិកា ៣ ម៉ឺនរៀល ។