សម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលច្រាំងទន្លេវ៉ៃគោ ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃព្រហស្បតិ៍  ៦កេីត  ខែចេត្រឆ្នាំឆ្លូវ  ត្រីស័ក  ព.ស២០៥៦៥  ត្រូវនឹងថ្ងៃទី០៧  ខែមេសា  ឆ្នាំ២០២២នេះ  ឯកឧត្តម  ជុំ  ហាត  ប្រធានក្រុមប្រឹក្សាខេត្ត  ឯកឧត្តម  ម៉ែន  វិបុល  អភិបាល  នៃគណៈអភិបាលខេត្តស្វាយរៀង  បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនូវសមិទ្ធផលច្រាំងទន្លេវ៉ៃគោ  ស្ថិតនៅភូមិមេភ្លេីង  សង្កាត់ស្វាយរៀង  ក្រុងស្វាយរៀង។

អញ្ជើញចូលរួមក្នុងក្នុងពិធីនេះមាន  ឯកឧត្តម  លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត  ឯកឧត្តម អភិបាលរងខេត្ត  លោក  លោកស្រី  នាយក  នាយករង រដ្ឋបាលសាលាខេត្ត  តំណាងកងកម្លាំងទាំង៣  គណៈអភិបាលក្រុងស្វាយរៀង  លោក  លោកស្រី  ប្រធានមន្ទីរ-អង្គភាព  លោក  លោកស្រី  នាយក  នាយក រងទីចាត់ការ  ប្រធាន  អនុ ប្រធានអង្គភាព  និងប្រធានការិយាល័យចំណុះសាលាខេត្ត  និងចំណុះសាលាក្រុង   លោកចៅសង្កាត់ ទាំង៧ និងលោក  លោកស្រីមេភូមិនានាក្នុងក្រុងស្វាយរៀង។

មានប្រសាសន៍នាឱកាសនោះឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអបអរសាទរចំពោះសមិទ្ធផលថ្មី ជាច្រាំងទន្លេ សួនច្បារ អមដោយឧបករណ៍ហាត់ប្រាណ និងក្លោងទ្វារ ដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការរួមគ្នានៅថ្ងៃនេះ ដែលប្រវែង ៩៦៧ម៉ែត្រ សួនច្បារ ចំនួន៧សួន ទីតាំងដាក់ឧបករណ៍ហាត់ប្រាណ ចំនួន៣កន្លែង (មានឧបករណ៍ហាត់ប្រាណ ៦០ឈុត) បង្គោលភ្លើង(អំពូលសូឡា) ៨៤បង្គោល ដាំដើមឈើ ៨២ដើម ទីតាំងរៀបចំវេទិកាប្រណាំងទូក ១កន្លែង ក្លោងទ្វារ ២អមសងខាង។

ឯកឧត្តមបន្តថា  សមិទ្ធផលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលទទួលបានពីផ្លែផ្កា នៃសុខសន្តិភាព  សម្រាប់ជាចំណងដៃជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសនៅក្នុងក្រុងស្វាយរៀងរបស់យើង ដើម្បីជាការស្វាគមន៍ទទួលអំណរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាខាងមុខនេះ ។

ជាការពិតណាស់កន្លងមកទីនេះយើងមិនមានជាច្រាំងទេ គឺមានតែផ្លូវ ទំនប់ ទល់នឹងទន្លេតែម្ដង ដែលត្រូវបានស្ថាបនាឡើង តាំងពីជំនាន់ឯកឧត្ដម ហ៊ុន ណេង ជាអភិបាលខេត្ត នៅឆ្នាំ២០០៣  ប៉ុន្តែអាស្រ័យដោយស្ថានភាពផ្លូវនេះមានលក្ខណៈតូចចង្អៀត ហើយរាល់ពេលយើងរៀបចំ ពិធីប្រណាំងទូកម្ដងៗ គឺពិតជាមានការលំបាកណាស់ ណាមួយមិនមានទីតាំងសម្រាប់ដំឡើង វេទិកាបានត្រឹមត្រូវ ណាមួយប៉ះពាល់ដល់ការធ្វើចរាចរណ៍ផងដែរនៅពេលរៀបចំពិធីម្ដងៗ ដូច្នេះហើយទើបនៅឆ្នាំ២០១៨  ក្នុងនាមជាអភិបាលខេត្ត ក៏បានផ្ដួចផ្ដើមឲ្យមានការស្ថាបនាច្រាំងនេះឡើង ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត ដែលជាគម្រោងពហុឆ្នាំ ដោយមានការ គាំទ្រពីក្រុមប្រឹក្សាខេត្ត លោកជំទាវកិត្តិសង្គហបណ្ឌិតប្រធានក្រុមការងារ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។

ឯកឧត្តមបញ្ជាក់ថា  ច្រាំងថ្មីនេះ នឹងដើរតួនាទី ៤យ៉ាងសំខាន់ៗ គឺ៖ ទី១,លើកកម្ពស់សោភ័ណភាព ទី២,លើកកម្ពស់សុខុមាលភាពសង្គម តាមរយៈផ្ដល់ជាលំហបៃតង និងជាទីតាំងសម្រាប់ហាត់ប្រាណ ទី៣,សម្រាប់ជាវេទិកាប្រ ណាំងទូក និងទី៤,ជាទីតាំងទេសចរណ៍សម្រាប់ប្រជាពលរដ្ឋមកកម្សាន្ត។

ជាចុងបញ្ចប់ៈ  ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញេីដល់អាជ្ញាធរពាក់ព័ន្ធ  និងប្រជាពលរដ្ឋទាំងអស់  សូមចូលរួមជួយថែរក្សាសមិទ្ធផលថ្មីនេះ  ដើម្បីធានាការប្រើប្រាស់ឲ្យបានគង់វង្សយូរអង្វែង ។

-សូមចូលរួមប្រើប្រាស់ឲ្យបានចំគោលដៅ ជាពិសេសឧបករណ៍ហាត់ប្រាណរបស់យើង (សូម ជួយថែទាំ) ។

-សូមចូលរួមថែរក្សាអនាម័យបរិស្ថានឲ្យបានល្អ ដែលអាជ្ញាធរក្រុង ត្រូវរៀបចំដាក់ធុងសំរាមឲ្យបានច្រើនកន្លែង និងឲ្យមានការសម្អាតជាប្រចាំ ។

-អាជ្ញាធរក្រុង ក៏ត្រូវសហការក្នុងការថែទាំសួន ក៏ដូចជាដើមឈើឲ្យបានល្អ ។

-ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្ត និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

-បន្តចូលរួមពិនិត្យនៅមូលដ្ឋានរបស់យើង ដើម្បីបង្ការ ទប់ស្កាត់ករណីគ្រឿងញៀនគ្រប់ប្រភេទ។

-ត្រូវពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យបានល្អប្រសើរ ។

-បន្តជំរុញប្រជាពលរដ្ឋឲ្យមកទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងសូមឲ្យមានការរៀបចំក្រុមគ្រូពេទ្យ និងទីតាំងចាក់វ៉ាក់សាំងនៅតាមវត្តអារាម ឬទីន្លែងកម្សាន្តនានាតាមការណែនាំ។

-ត្រូវបន្តពង្រឹងការអនុវត្ត និងប្រកាន់ខ្ជាប់នូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេស វិធានការ ៣ការពារ ៣កុំ ។

-ជាមួយនេះ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត អញ្ជើញទៅ បោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *