ខេត្តប៉ៃលិន ៖ លោកជំទាវ ហ៊ុន ម៉ាណា ជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០៤ខ្នង ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹងនៅក្នុងខេត្តប៉ៃលិន។ ពិធីនេះក៏មានកិត្តិយសបានការអញ្ជើញចូលរួមពីលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនផងដែរ ។
លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវ ក៏បានផ្តល់ជូនគ្រួសារនីមួយៗ នូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមទៀតផងដែរ រួមមានមួយផ្ទះៗ ទទួលបានអង្ករ១០០Kg, ត្រីខចំនួន១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ចំនួន១កេស, ពួកចំនួន១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែកចំនួន១, ឆ្នាំងតូចចំនួន១, ឆ្នាំងធំចំនួន១, ខ្ទះឆាចំនួន១, វែកឆាចំនួន១, វែកបាយចំនួន១, វែកសំឡចំនួន១, ស្លាបព្រា និងសមចំនួន១ឡូ, កំសៀវចំនួន១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែចំនួន១ គីឡូក្រាម , ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអ៊ីវចំនួន៣យួរ, វិទ្យុFM12 ចំនួន១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំ នឹងច្រាសដុសធ្មេញចំនួន៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវលោកយាយចំនួន២កំប្លេរ, ខោអាវលោកតាចំនួន២កំប្លេ, និងថវិកា ៥០ម៉ឺនរៀល។
សូមបញ្ជាក់ថា ៖ ផ្ទះទី១ គឺជាផ្ទះលេខ២៩១ ត្រូវបានប្រគល់ជូនលោកយាយ ហុង ឆាម មានអាយុ៨៤ឆ្នាំ រស់នៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅខេត្តប៉ៃលិន។ ផ្ទះនេះជាអំណោយដ៏ថ្លៃថ្លារបស់លោកឧកញ៉ា ជៀម ផែន និងលោកជំទាវ ព្រមទាំងបុត្រ តាមរយៈកម្មវិធីផ្ទះទេវតា។ ផ្ទះទី២ ផ្ទះលេខ២៩២ ប្រគល់ជូនលោកយាយ ហ៊ាន ណូក មានអាយុ៧៧ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ផ្ទះនេះជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ម៉ៅ ហាវណ្ណាល់ និងលោកជំទាវ ខាន់ ម៉ានីដា តាមរយៈកម្មវិធីផ្ទះទេវតា។ ផ្ទះទី៣ ប្រគល់ជូនលោកយាយ ពេជ្រ សក្តិ មានអាយុ៨៨ឆ្នាំ រស់នៅភូមិព្រៃមង្គល សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ផ្ទះទី៤ ត្រូវបានប្រគល់ជូនលោក សឿន ម៉ុន អាយុ៦១ឆ្នាំ និងប្រពន្ធឈ្មោះ ពោន ហ៊ន អាយុ៤៤ឆ្នាំ រស់នៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ផ្ទះ២នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រ និងចៅៗ។
នៅថ្ងៃដដែលនេះដែរលោកជំទាវក៏បានអញ្ជើញទៅប្រគេនទេយ្យវត្ថុ ដែលមានស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៥ នៅក្នុងខេត្តប៉ៃលិននេះ ដែលពិធីត្រូវបានធ្វើរួមគ្នានៅវត្តបុព្វារាម ស្ថិតនៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។លោកជំទាវ បានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ១៩នេះ ។
បន្ទាប់មកទៀត លោកជំទាវ ក៏បានសួរសុខទុក្ខ និងផ្ដល់អំណោយរបស់លោកជំទាវ និងឯកឧត្តម ឌី វិជ្ជា ផ្ទាល់ ជូនចំពោះកុមារកំព្រានៅមណ្ឌលកុមារកំព្រា២មណ្ឌលនៅក្នុងខេត្តប៉ៃលិននេះ ក្នុងនោះមានមណ្ឌលកុមារកំព្រារបស់រដ្ឋ និងមណ្ឌលកុមារ សង្គ្រោះជនអស់សង្ឃឹម ។ លោកជំទាវក៏បានសំណេះសំណាល និងសួរសុខទុក្ខដល់កុមារកំព្រាទាំងអស់ដែលកំពុងស្នាក់នៅ និងបន្តការរៀនសូត្រនៅទីនេះ។ ក្នុងនោះលោកជំទាវក៏បានផ្តល់ជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ ដល់មណ្ឌលផងដែរ ៕ ដោយ ៖ នីយ៉ា