ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រួមជាមួយក្រុមការងារ បានផ្តល់អំណោយមនុស្ស ធម៌ជូនបងប្អូនប្រជាពលរដ្ឋ និងចាស់ជរាដែលមានជីវភាពខ្វះខាត ចំនួន១១៧គ្រួសារ មកពី សង្កាត់ចំនួន២ក្នុងក្រុងព្រះវិហារ គឺសង្កាត់កំពង់ប្រណាក ចំនួន៥០គ្រួសារ ស្មើ១០ភូមិ និង សង្កាត់ប៉ាលហាល ចំនួន៦៧គ្រួសារ ស្មើ១០ភូមិ ដែលពិធីនេះប្រារព្វធ្វើឡើងនៅក្នុង បរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ។
មានប្រសាសន៍ទៅកាន់បងប្អូន លោកយាយលោកតា នៅក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូន ជានិច្ចពោលគឺ ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។ ឯកឧត្តមក៏បានជូនពរ និងផ្តាំផ្ញើ ទៅដល់បងប្អូនទាំងអស់ សូមឲ្យថែរក្សាសុខភាពឲ្យបានល្អ ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ ចូលរួមការពារទប់ស្កាត់មេរោគកូវីដ-១៩ ។ និងត្រូវធ្វើការណែនាំទៅដល់សមាជិកក្នុងគ្រួសារឲ្យចូលរួម គោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗ គ្នា ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។
សម្ភារៈដែលបានផ្តល់ជូននាពេលនេះរួមមាន ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ សារុង១ មុង១ ភួយ១ ក្រមា១ និងថវិកាចំនួន ២០,០០០រៀល៕