នគរបាលហៅក្រុមសម្ដែងវីឌីអូរបស់គ្រូតឿ៦នាក់មកសាកសួរនិងអប់រំធ្វើកិច្ចសន្យា

កណ្តាល ៖ ក្រុមសម្ដែងវីឌីអូរបស់គ្រូតឿ៦នាក់ត្រូវបាននគរបាលប៉ុស្តិ៍វិហារសួគ៌និងនគរបាលស្រុកខ្សាច់កណ្តាល ហៅមកប៉ុស្តិ៍សាកសួរនិងអប់រំធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពថតវីដេអូ ដែលមិនសមរម្យបង្ហោះក្នុងបណ្តាញសង្គមបន្តទៅទៀត កាលពីថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទីព្រឹក ។

នគរបាលនិយាយថា ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយបានការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល បានឱ្យជំនាញកោះហៅ«ក្រុមសម្ដែងវីឌីអូ ដែលបង្ហោះចូលបណ្ដាញសង្គមហេ្វកប៊ុក គណនីឈ្មោះ គ្រូតឿ ដែលមានគ្នា៦នាក់មកសាកសួរ»។

នគរបាលបន្តថា ក្រុមសម្ដែងវីឌីអូរបស់គ្រូតឿ៦នាក់រួមមាន ១-ឈ្មោះ ជឹម សុភ័ក្រ ហៅ គ្រូតឿ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអ៊ុតស្កុតម៉ូតូ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ជាអ្នកសម្ដែង,២-ឈ្មោះ ថូយ រាជាធាន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ជាអ្នកថត អ្នកដឹកនាំរឿង និងជាម្ចាស់ផេក,៣-ឈ្មោះ ឆន ថូយ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ជាអ្នកដឹកនាំសម្ដែង,៤-ឈ្មោះ ខុម ឈុនណាត ហៅជ្រូក ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរថតរូប មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ជាអ្នកសម្ដែង,៥-ឈ្មោះ រិទ្ធ ស្រ៊ាន់ ហៅស្រួច អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ជាអ្នកសម្ដែងនិង៦- ឈ្មោះ អួយ សំអេន ហៅ និត អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថត មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាអ្នកសម្ដែង។

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ផេកហ្វេសប៊ុកឈ្មោះ Nika Nika បានផុសវីដេអូ សកម្មភាព«ស៊ីអាចម៌គោជាមួយអំបិលម្ទេស»ដែលសកម្មភាពនេះ ថតដោយឈ្មោះថូយ រាជាធាន និងបានផុសជាសាធារណៈ។

នគរបាលបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២០ មកដល់សព្វថ្ងៃនេះឈ្មោះ ថូយ រាជាធាន បានបង្កើតផេកហ្វេសប៊ុក រួមមាន ឈ្មោះ អូន យ៉ា,ឈ្មោះ នីកា ខេអេក, ឈ្មោះ គ្រូតឿ, ឈ្មោះ ក្រុមកូនសិស្សគ្រូតឿ, ឈ្មោះ Nika Nika, ឈ្មោះ Jelly Gamer ហើយបានបង្កើតក្រុមសម្តែងដើម្បីបង្ហោះតាមផេកក្រុមហ៊ុនហ្វេសប៊ុក ដោយឈ្មោះ ថូយ រាជាធាន បាននិពន្ធនិងថត ជាសាច់រឿងបានជាច្រើនរឿងមកហើយ។

បើតាមការសារភាពពីក្រុមគ្រូតឿបានឱ្យដឹងថា ក្រោយមកបានថតរឿង «គ្រូតឿ ចេះសិល្ប៍»,«គ្រូតឿ កាប់មិនមុត» និង«រឿងស៊ីអាចម៍គោ» ចំពោះការសម្តែងស៊ីអាចម៍គោ គឺពួកគាត់បានយកនំសូកូឡា មកស៊កចូលខាងក្រោម អាចម៍គោក្រៀម ហើយនាំគ្នាហូបនំសូកូឡាដែលដាក់ជាប់នឹងអាចម៍គោនោះ ធ្វើជាសម្តែងជាស៊ីអាចម៍គោពិតប្រាកដ ។

 

ពួកគេសារភាពបន្តថា ចំពោះការសម្តែងស៊ីអាចម៍គោនេះ គឺគ្រាន់តែជាការសម្តែងទាក់ទាញបានអ្នកចូលច្រើន ដើម្បីបានប្រាក់ពីក្រុមហ៊ុនហ្វេសប៊ុក ហើយពេលក្រុមហ៊ុនដាក់ប្រាក់មកឱ្យគឺតាមរយៈធនាគារ ABA , អេស៉ីលីដា និងតាមធនាគារហ្វៃស្បេន ។ រាល់ការសម្តែងទាំងអស់នេះគឺដើម្បី «រកប្រាក់ពីក្រុមហ៊ុនហ្វេសប៊ុក»ពុំមានពាក់ព័ន្ធនឹងបញ្ហាអ្វីទេ ហើយក៏មិនមានគោលបំណង ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គមនោះទេ ។

ក្រោយពីសួរនាំកម្លាំងនគរបាលជំនាញស្រុកខ្សាច់កណ្តាល បានធ្វើកិច្ចសន្យាអប់រំ អ្នកទាំង០៦នាក់ឱ្យបញ្ឈប់សកម្មភាពថតវីដេអូ ដែលមិនសមរម្យបង្ហោះក្នុងបណ្តាញសង្គមបន្តទៅទៀតផងដែរ៕ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *