ភ្នំពេញៈ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ០៤ខែ កុម្ភៈឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារ សុវត្ថិភាព ចរាចរណ៍ ផ្លូវ គោក ប្រចាំឆ្នាំ ២០២០ និងលើកទិសដៅការងារបន្តឆ្នាំ២០២១
ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាជិក សមាជិកា នៃគណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អភិបាលរាជធានី-ខេត្ត ស្ថាប័ន អង្គភាពនានា និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។
សូមជម្រាបថា បើយោងតាមខ្លឹមសាររបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ការងារពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ទទួលបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២០កន្លងទៅ បើធៀបនឹងឆ្នាំ២០១៩ ក្នុងនោះបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំនួន៩៤២លើក ស្មើ២៣% កាត់បន្ថយអ្នកស្លាប់ចំនួន៣៣៥នាក់ ស្មើ១៧% និងកាត់បន្ថយអ្នករបួសចំនួន១,៤៥៥ ស្មើ២៤% និងបានសង្គ្រោះជីវិតប្រជាពលរដ្ឋចំនួន១៧៩០នាក់ឲ្យរួចផុតពីការបាត់បងជីវិត និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក៕