មណ្ឌលសុខភាពស្រុកឆែប ខេត្តព្រះវិហារត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុនមានតម្លៃជាង៨ម៉ឺនដុល្លារ

ដោយៈ សេង ពិសិដ្ឋ

ព្រះវិហារៈ  អគារសម្រាកព្យាបាល១ខ្នង មានទំហំ១៥ម៉ែត្រ គុណ១១.៥០ម៉ែត្រ សាងសង់អស់ទឹកប្រាក់ចំនួន ៨៥,៨៩៩ដុល្លារ មណ្ឌលសុខភាពនេះ ស្ថិតនៅភូមិឆែបលិច ក្នុងឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្ដម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងលោកស្រីតំណាងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ពិធីនេះក៏មានការចូលរួមពី ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមមន្ទីរ អង្គភាព ជុំវិញខេត្តជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះដែរទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលដខ្លីខាងមុខនេះ។

ឯកឧត្ដម ទេសរដ្ឋមន្ត្រីបានថ្លែងថា អគារសម្រាកព្យាបាលនៅក្នុងមណ្ឌលសុខភាពឆែបនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ប្រជាជន និងរាជរដ្ឋាជប៉ុន តាមរយៈជំនួយឧបត្ថម្ភសម្រាប់គម្រោងគូសាណូណិ សម្រាប់ខេត្តព្រះវិហារ គឺជប៉ុន ជួយបាន ៣គម្រោងហើយគឺទី១៖ មន្ទីរពេទ្យជាំក្សាន្ត១ខ្នង ក្នុងស្រុកជាំក្សាន្ត, ទី២៖ មណ្ឌលសុខភាពរណសិរ្យ ១ខ្នង ក្នុងស្រុកសង្គមថ្មី និងទី៣៖ អគារសម្រាកព្យាបាល១ខ្នង តម្លៃជាង៨ មុឺនដុល្លារ និងគ្រែ១០ ដែលមានតម្លៃជាង ២០០០ដុល្លារ ហើយក៏មានសប្បុរសជនមួយចំនួន ជួយថវិកាជួសជុលហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងមណ្ឌលសុខភាពឆែប ផងដែរ។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នៅក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេស ក្រោយពីសង្គ្រាម និងការជួយឧបត្ថម្ភពីមិត្តជិតឆ្ងាយ ពីសហគមន៍អន្តរជាតិ ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន បើគិតមកដល់ថ្ងៃនេះជិត ៧០ឆ្នាំហើយ គឺចាប់ផ្តើមពីថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ បន្ទាប់ពីប្រទេសកម្ពុជា ទើបតែទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង និងមានការដាច់ទំនាក់ទំនងគ្នាមួយរយៈដោយសារសង្គ្រាម។

ដោយឡែកឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្ត បានថ្លែងណែនាំដល់អាជ្ញាធស្រុក ប្រធានមណ្ឌលសុខភាព ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ត្រូវយកចិត្តទុកដាក់ថែរក្សានូវសមិទ្ធផលដែលមានហើយនេះជាប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង និងសូមឱ្យលោកគ្រូ អ្នកគ្រូពេទ្យ បន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៍វិជ្ជាជីវៈពេទ្យឱ្យស័ក្កិសម និងគោរមងារជាវីរៈកងទ័ពអាវ-ស ដែលមានន័យថា ត្រូវមានចិត្តស្មោះត្រង់ សប្បុរស និងគុណធម៌ជាប់ជានិច្ច គ្រូពេទ្យត្រូវប្រចាំការឱ្យបានខ្ជាប់ខ្ជួន ពីព្រោះប្រជាពលរដ្ឋឈឺថ្កាត់មិនទៀងឡើយ និងត្រូវបំពេញការងារក្នុងម៉ោងរដ្ឋឱ្យបានពេញលេញជាដើមផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *