ព្រះវិហារ៖យ៉ាងហោចណាស់ក្មេងប្រុសម្នាក់ ក្នុងចំណោមក្មេងប្រុស៤នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារផ្ទុះគ្រាប់ដែលខ្លួនរើសបានយកទៅបោះលេង ខណៈពេលនាំគ្នាទៅមុជទឹកស្រះលេងនៅដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៣០ខែមីនាឆ្នាំ២០២២នេះ។
លោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃនេះថា៖នៅរសៀលថ្ងៃនេះមានករណីគ្រោះថ្នាក់សង្គមផ្ទុះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទ(បេសែសិប)បណ្ដាលឲ្យស្លាប់ក្មេងប្រុស១នាក់ ឈ្មោះសុខ ដារ៉ាភេទប្រុសអាយុ៨ ឆ្នាំមុខរបរសិស្ស ស្នាក់នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកអធិការស្រុកបានថ្លែងឱ្យដឹងទៀតថា៖មុនពេលកើតហេតុក្មេងប្រុសរងគ្រោះរួមជាមួយក្មេងប្រុសចំនួន៣នាក់ទៀត បាននាំគ្នាទៅមុជទឹកស្រះក្នុងដីឡូត៍ម្ចាស់ផ្ទះឈ្មោះសុខ ណាន ភេទស្រីអាយុ ៤២ ឆ្នាំនៅភូមិអានសេះ លុះដើរទៅដល់កន្លែងកើតហេតុ ក្មេងប្រុសរងគ្រោះឈ្មោះសុខ ដារ៉ា បានឃើញគ្រាប់ក៏ចាប់យកបោះឡើងទៅលើ លុះគ្រាប់ធ្លាក់មកវិញក៏បណ្ដាលឲ្យផ្ទុះរងរបួសធ្ងន់ ចំណែកក្មេងប្រុស៣នាក់ទៀតមិនមានរងរបួសទេ។
លោក សាយ ដេត បាមថ្លែងទៀតថា៖ក្រោយហេតុការណ៍កើតឡើងជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្តដឹកយកមកធ្វើការសង្គ្រោះ ប៉ុន្តែពេលមកដល់ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ហើយសពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕