ដោយ៖សេង ពិសិដ្ឋ
ព្រះវិហារ៖នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធាន ស.អ.ក.ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ ស.អ.ក.ខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋាន រួមជាមួយ ប្រជាការពារ បានចុះសាងសង់ផ្ទះ០១ខ្នង ជូនអតីតយុទ្ធជនដែលមានឈ្មោះ ប៉ាង លៀម ភេទប្រុស អាយុ៦០ឆ្នាំ មុខសញ្ញាពិការ ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ និងប្រពន្ធឈ្មោះ គង់ ហម អាយុ៥៥ឆ្នាំ មានទីលំននៅភូមិសង្កែ ឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ ។
ផ្ទះមានទំហំ ៥x៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ចំណាយថវិកាអស់ចំនួន ១១,៧០០,០០០រៀល ដែលជាថវិកាផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។
ក្នុងនោះផងដែរ ឯកឧត្ដម ប្រធាន បានពាំនាំប្រសាសន៍ផ្ដាំផ្ញើរសួសុខទុក្ខដល់ម្ចាស់ផ្ទះដែលត្រូវបានទទួលផ្ទះថ្មី ថា សម្តេចតេជោ តែងតែគិតគូពីសុខទុក្ខបងប្អូនអតីតយុទ្ធជនគ្រប់ទីកន្លែងទោះនៅកន្លែងណាក៏ដោយ ហើយដោយសារគុណបំណាច់របស់បងប្អូន អតីយុទ្ធជន ទាំងអស់គ្នាដែលបានចូលរួមលះបង់សាច់ស្រស់ឈាមស្រស់ក្នុងនាសម័យសង្គ្រៀមនិងបុព្វហេតុជាតិយើង បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពរហូតមកដល់ពេលនេះ ហើយក៏ធ្វើអោយបងប្អូនមួយចំនួនខ្លះបានបាត់បង់ជីវិត និងពិការភាពផងដែរ ។ ហេតុដូចច្នេះហើយ បានសម្តេចមិនដែលភ្លេចពីគុណបំណាច់របស់បងប្អូនអតីតយុទ្ធជន និងធ្វើផ្ទះជូនអតីយុទ្ធជនយើង ដែលមានការខ្វះខាត ក៏ដូចជាមានផ្ទះសំបែងមានសភាពទ្រុតទ្រោមជាដើម និងបានបន្តដោះស្រាយគោលនយោបាយជូនអតីតយុទ្ធជនយើងផងដែរ ។
ជាចុងក្រោយ ឯកឧត្ដម ប្រធាន បានបញ្ជាក់បន្ថែមទៀតថា សូមអោយអតីតយុទ្ធជនយើងទាំងអស់ ត្រូវជឿជាក់ និងបន្តបោះឆ្នោតគាំទ្រជូន សម្តេចតេជោ ហ៊ុន សែន ជានាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា នៅអាណត្តិថ្មីនាពេលខាងមុខទៀត៕