អភិបាលរងខេត្តកំពង់ធំ.ថាគ្មានផលិតផលណារួមទាំងទឹកដោះគោម្សៅផ្សំតាមរូបមន្ត.ល្អប្រសើរប្រៀបផ្ទឹមបានជាមួយនឹងទឹកដោះម្តាយទេ

កំពង់ធំ៖ឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធំបានថ្លែងថាគ្មានផលិតផលណារួមទាំងទឹកដោះគោម្សៅផ្សំតាមរូបមន្តល្អប្រសើរប្រៀបផ្ទឹមជាមួយនឹងទឹកដោះម្ដាយនោះទេ។ឯកឧត្តមទូចទូចសុខាបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូននៅសាលាខេត្តកំពង់ធំ.ថ្ងៃទី ២៩ ខែមីនាឆ្នាំ២០២២ ។

ពិធីនេះមានការចូលរួមពីលោក ជូ ប៊ុនហៀង អគ្គលេខាធិការរងក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ តំណាងអង្គការដៃគូជាច្រើនរូប។

ឯកឧត្តមបានបញ្ជាក់ផងដែរថាទឹកដោះម្ដាយមានផ្ទុករាល់សារធាតុចិញ្ចឹមទាំងអស់ដែលទារកត្រូវការដោយមិនចាំបាច់បន្ថែមអាហារទឹកឬភេសជ្ជៈទេនៅក្នុងអំឡុងពេល ៦ ខែដំបូងនៃជីវិតទារក សារធាតុចិញ្ចឹមសំខាន់ៗនៅក្នុងទឹកដោះម្ដាយរួមមានប្រូតេអ៊ីនដែលជាអាហារសាងសង់សំខាន់សម្រាប់អភិវឌ្ឍការលូតលាស់រាងកាយរបស់កុមារ ជាតិស្ករឡាក់តូសដែលជួយផ្ដល់កម្លាំងថាមពលដល់កុមារ  ជាតិខ្លាញ់ជួយទ្រទ្រង់រចនាសម្ព័ន្ធកោសិការាងកាយកុមារ ថែរក្សាសីតុណ្ហភាពក្នុងខ្លួនកុមារឲ្យមានលំនឹងក៏ដូចជាការជួយរាងកាយកុមារឲ្យមានថាមពលជីវជាតិនិងរ៉ែខនិជផងដែរ។

តាមការបញ្ជាក់ណែនាំរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថាការបំបៅដោះកូនដោយផលិតផលជំនួសទឹកដោះម្ដាយរួមទាំងទឹកដោះគោម្សៅផ្សំតាមរូបមន្តអាចបង្កហានិភ័យជាច្រើនចំពោះកុមារដូចជាជំងឺរាគជំនួយសួតជំងឺហឺតពិន្ទុភាពឆ្លាតវៃចុះខ្សោយ ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺបេះដូង បញ្ហាលើសទម្ងន់និងធាត់ជ្រុលជាដើម ដោយមើលឃើញគុណតម្លៃមហាសាលរបស់ទឹកដោះម្ដាយក្រួសួងសុខាភិបាលមានគោលនយោបាយបីក្នុងការជំរុញលើកកម្ពស់គាំទ្រនិងការពារការបំបៅដោះកូនដោយទឹកដោះម្ដាយគឺការចាប់ផ្ដើមបំបៅកូនដោយទឹកដោះម្ដាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល ការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់រយៈពេល ៦ ខែដំបូងនៃជីវិតនិងបន្តបំបៅកូនដោយទឹកដោះម្ដាយរហូតកុមារអាយុ២ ឆ្នាំឬលើសនឹងផ្ដល់អាហារបន្ថែមនៅពេលកុមារមានអាយុចាប់ពី ៦ខែឡើងទៅដោយផ្ដល់អាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់មានសុវត្ថិភាពសមស្របតាមអាយុកាលរបស់កុមារ។

ឯកឧត្តមបានបញ្ជាក់ទៀតថាដើម្បីចូលរួមអនុវត្តការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចបានអត្រាបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់សម្រាប់ទារកនិងកុមារអាយុពីសូន្យដល់ ៦ ខែឲ្យបាន៨៥%នៅឆ្នាំ ២០៣០ ឯកឧត្តមបានអំពាវនាវទៅដល់មន្ទីរនិងកន្លែងធ្វើការដទៃទៀតមេត្តាពិចារណាក្នុងការរៀបចំបន្ទប់បំបៅកូនបំបៅដោះកូនដើម្បីសម្រួលឲ្យស្ត្រីដែលត្រឡប់មកពីធ្វើការវិញអាចបន្តការបំបៅដោះកូនតទៅទៀតបានស្របតាមមាត្រា ១៤ និង ១៨៥ នៃច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា ។

លោកវេជ្ជបណ្ឌិត កែ ដារី អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំបានលើកឡើងថាផ្អែកតាមលទ្ធផលនៃការអង្កេតប្រជាសាស្រ្តនិងសុខភាពនៅកម្ពុជារបស់ក្រសួងផែនការបានបង្ហាញថាការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់សម្រាប់កុមារអាយុពីសូន្យដល់ 6ខែបានកើនទ្បើង១១%នៅឆ្នាំ២០០០ ដល់ ៧៣,៥% ក្នុងឆ្នាំ ២០១០ ប៉ុន្តែអត្រានេះបានធ្លាក់ចុះមកវិញនៅប៉ុន្មានឆ្នាំចុងក្រោយនេះគឺពោលអត្រាបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់សម្រាប់អាយុកុមារសូន្យដល់ ៦ ខែដំបូងបានធ្លាក់ចុះនៅ៧៣,៥%  ក្នុងឆ្នាំ២០១០មកត្រឹម ៦៥% នៅឆ្នាំ ២០១៤៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *