អភិបាលខេត្តប៉ៃលិនលើកឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣ ពីផ្សារ សាមគ្គីគ្មានសណ្តាប់ធ្នាប់ ចតឡាន ម៉ូតូរញ៉េរញ៉ៃ បើកបរបញ្រ្ចាស់ទិស មិនគោរពស្លាកចរាចរណ៍

ខេត្តប៉ៃលិន ៖ នៅក្នុងសាលប្រជុំធំសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរ អង្គភាពស្ថាប័នជុំវិញខេត្ត អាជ្ញាធរក្រុង/ស្រុក និងឃុំ/សង្កាត់ជាច្រើននាក់ផងដែរ ។ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ នៅក្នុងកិច្ចប្រជុំនាឱកាសនោះ អង្គប្រជុំបានលើកឡើងនូវបញ្ហាប្រឈមសំខាន់ៗ មួយចំនួន ដូចជា៖ ពិនិត្យ និងអនុម័តកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី១៩ ។ ពិនិត្យ និងអនុម័តលើរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែមករា ឆ្នាំ២០២១ ។ ការអនុវត្តការងារប្រចាំឆ្នាំ២០២០ របស់រដ្ឋបាល ខេត្ត កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២២-២០២៣ ។ ការងារសម្រាប់រៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២ -២០២៣  និងបញ្ហាផ្សេងៗ ។ ក្នុងកិច្ចប្រជុំឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនដូចជា ៖បញ្ហារបាយការណ៍ នៅតាមន្ទីរមួយចំនួនដាក់មកដដែលៗ បញ្ហាផ្សារសាមគ្គីគ្មានសណ្តាប់ធ្នាប់ឃើញនៅមានការចតរថយន្ត ម៉ូតូរញ៉េញ៉ៃលើដងផ្លូវ និងនៅមានអ្នកបើកបរបញ្រ្ចាសទិសមិនគោរពស្លាកចរាចរណ៍ បញ្ហាបរិស្ថាននៅក្នុងក្រុង ពិសេសផ្លូវវាងក្រុង បញ្ហាជញ្ជីងតាមស្តង់(សៃឡូ) បញ្ហារថយ ន្តធំចេញតាមច្រកព្រំដែន បើកបរលឿនដែលងាយបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ។

ក្រោយពីបានស្តាប់ការលើកឡើងអំពីបញ្ហាសំខាន់ៗ ខាងលើ ក្នុងកិច្ចប្រជុំរួចមក លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ៖ រាល់បញ្ហាប្រឈម ដែលសមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងក្នុងកិច្ចប្រជុំនេះ រដ្ឋបាលខេត្តទទួលយក និងខិតខំប្រឹងប្រែងធ្វើការដោះស្រាយអោយបានទាន់ពេលវេលា ព្រមទាំងបានក្រើនរំលឹក ដល់អាជ្ញាធរមូលដ្ឋាន ក្រុង/ស្រុក/ឃុំ/សង្កាត់ ជាពិ សេសមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម គឺត្រូវមានទំនួលខុសត្រូវខ្ពស់ លើតួនាទី ភារកិច្ច និងជំនាញការងាររបស់ខ្លួន ហើយបើបញ្ហាណាមិនអាចដោះស្រាយបាន សូមប្រញ៉ាប់រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលា។ លោកជំទាវអភិបាលខេត្ត ក៏បានលើកឡើងថា ៖ ក្រោមនយោបាយឈ្នះ! ឈ្នះ! របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺបានយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ ដូចនេះ ក្នុងនាមយើងជាអ្នកបម្រើសេវាដល់ប្រជាពលរដ្ឋ ត្រូវមានឆន្ទ:មុះមុត និងភាពស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ លើបញ្ហាដែលពួកគាត់កំពុងប្រឈម និងសំណូមពរផងដែរ ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *