ព្រះវិហារៈ ឧត្ដមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ បានដឹកនាំក្រុមការងារវិស្វកម្ម ចុះត្រួតពិនិត្យ និងសិក្សាគម្រោងសាងសង់ផ្លូវមួយខ្សែ ទំហំ៧ម៉ែត្រ ប្រវែង៣៦០០ម៉ែត្រ ក្រាលគ្រួសក្រហម ចាប់ពីចំណុច ភូមិត្រពាំងគល ឃុំមរកត ឆ្ពោះទៅកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារកាលពីប៉ុន្មានថ្ងៃមុននេះ។ ក្នុងការចុះពិនិត្យសិក្សាអំពីស្ថានភាពដី ដែលគ្រោងនឹងធ្វើផ្លូវនេះគឺស្ថិតក្រោមការសហការរវាង កម្លាំងកងវិស្វកម្មកងពលធំអន្តរាគមន៍លេខ៣ ជាមួយ និងកម្លាំងកងវិស្វកម្ម របស់បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដែលមាន ឧត្តមសេនីយ៍ត្រី ដួង ភឿន មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ព្រមទាំងឧត្តមសេនីយ៍ត្រី ចាន់ សាន្ត មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក បានចុះត្រួតពិនិត្យផ្ទាល់ផងដែរ។
យោងតាម ឧត្ដមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ ផ្លូវមួយខ្សែរដែលគ្រោងនឹងដំណើការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ គឺមានសារៈសំខាន់ដែលបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ជួយសម្រួលដល់ការធ្វើដំណើរ និងការប្រកបរបរទទួលទានប្រចាំថ្ងៃ ជាពិសេស ផ្តល់ភាពងាយស្រួលដល់កម្លាំងទ័ពក្នុងការចល័តអន្តរាគមន៍ បម្រើភារកិច្ចផ្សេងៗចំពោះមុខតាមព្រំដែនផងដែរ។
ឧត្ដមសេនីយ៍ទោ ជូ តុងអាន បានបញ្ជាក់ផងដែរថាការចុះសិក្សានៅពេលនេះគឺភារកិច្ចរបស់ កម្លាំងកងវិស្វកម្មកងពលធំអន្តរាគមន៍លេខ៣ ត្រូវធ្វើការរាវរក និងបោសសម្អាត មីន គ្រឿងផ្ទុះ និងកាកសំណស់សង្គ្រាម ផ្សេងៗ ដែលកប់នៅក្នុងដី អោយបានរួចរាល់ ដើម្បី ធានាសុវត្ថិភាពដល់ ដំណើរការស្ថាបនាផ្លូវមួយខ្សែនេះ អោយចេញជារូបរាងនៅក្នុងពេលខាងមុខនេះ៕

