បន្ទាយមានជ័យ៖ កម្លាំងនគរបាលស្រុកម៉ាឡៃឃាត់ខ្លួនជនសង្ស័យវាយប្លន់ អតីតយុវជនម្នាក់បណ្តាលឲស្លាប់ និងយកម៉ូតូទៅទំលាក់ចោលក្នុងស្រះ ឃាត់នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រោយពីធ្វើសកម្មភាពវាយប្លន់យកម៉ូតូ នៅចំណុចផ្លូវលេខ៥០២ ភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានឲដឹងថា ជនសង្ស័យ ឈ្មោះ វុន ឡៃហៀកភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ចំណែកជនរងគ្រោះឈ្មោះ រុង រឿង ភេទប្រុសអាយុ៥៩ ឆ្នាំរស់នៅភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ អតីតជាយោធិនចូលនិវត្ត។លោកបញ្ជាក់ថា ពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពប្រើអំពើហឹង្សាវាយទៅលើជនរងគ្រោះអតីយុទ្ធជនម្នាក់ត្រូវបណ្តាលឲរងរបួសធ្ងន់ រួចយកម៉ូតូទៅទម្លាក់ចូលក្នុងទឹកស្រះ។ ជនរងគ្រោះត្រូវបានជនសង្ស័យវាយត្រូវក្បាល និងមុខជាច្រើនកន្លែងសន្លប់ ហើយជនសង្ស័យបានអូសជនរងគ្រោះដាក់លើគំនរឈើដែលជនសង្ស័យចាក់សាំងដុត តែត្រូវបានប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមផ្លូវប្រទះឃើញទាន់ បង្កឲមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ២០២១ ក៏ទាញចេញពីកន្លែងឆេះ ហើយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ប៉ុន ស្រុកមង្គលបូរី តែជាអកុសលដោយរបួសធ្ងន់ធ្ងរជនរងគ្រោះបានស្លាប់ពេលដល់មន្ទីរពេទ្យ។
លោកអធិការ ឲ្យដឹងទៀតថា៖ ម៉ូតូជនរងគ្រោះម៉ាកឌ្រីមពណ៌ខ្មៅស្លាកលេខបន្ទាយមានជ័យ1I-8433 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ត្រូវបានសង្ស័យយកទៅលាក់ទុកក្នុងទឹកស្រះក្រោយផ្ទះរបស់គេ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ វុន ឡៃហៀក ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃកំពុងរៀបសំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ (សហការី)