ដោយ៖សេង ពិសិដ្ឋ
ព្រះវិហារៈ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងសង្រ្គាមកូវីដ-១៩ សម្តេចតេជោ បានរក្សានូវលំនឹងពីហានិភ័យនៃវិនាសកម្មបង្កដោយជំងឺនេះ តាមរយៈការសម្រេចរៀបចំមូលដ្ឋាននៃការព្យាបាលរឹងមាំ រួមមានជាអាទិ៍ ការបើកដំណើរការមណ្ឌលព្យាបាលទាំងថ្នាក់មូលដ្ឋាន និងថ្នាក់តំបន់នៅទូទាំងប្រទេស ការសម្រេចចិត្តរហ័សទាន់ពេលវេលាក្នុងការជ្រើសរើសយកថ្នាំព្យាបាល និងវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ព្រមទាំងការសម្រេចអនុញ្ញាតឱ្យព្យាបាលតាមផ្ទះ ដោយមានការចូលរួមពិចារណា ពិគ្រោះយោបល់ និង សិក្សាស្រាវជ្រាវច្បាស់លាស់ត្រឹមត្រូវរបស់ក្រុមបច្ចេកទេសជំនាញនៃក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធនានា។ ចំណាត់ការដ៏ស័ក្តិសិទ្ធិ និងប្រកបដោយភាពហ្មត់ចត់នេះ បានធ្វើឲ្យគ្រប់គ្រងបានអត្រាអ្នកឆ្លងទាប ហើយក៏មិនមានករណីស្លាប់ថ្មីទៀតទេគិតត្រឹមថ្ងៃនេះ។ ការណ៍នេះបានជួយឱ្យកម្ពុជាឈានទៅបើកប្រទេសទ្បើងវិញលើគ្រប់វិស័យ ដែលជាការធានាបាននូវតុល្យភាពនៃសុខភាព សុខមាលភាពប្រជាពលរដ្ឋ និងដំណើរការជាប្រក្រតីនៃចរន្តសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល។ យ៉ាងណាក៏ដោយ សម្តេច ក៏បានអំពាវនាវឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការ “៣ការពារ និង៣កុំ” ក៏ដូចជាវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀតឱ្យបានខ្ជាប់ខ្ជួន ជាពិសេសការចូលរួមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ និងទី៤ ឱ្យបានគ្រប់ៗគ្នាសំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីៗ។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្ដម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នារសៀលថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២២។ នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្ដម លោក លោកស្រី ក្រុមការងារថ្នាក់ខេត្ត ថ្នាក់កណ្ដាលចុះមូលដ្ឋានក្រុងព្រះវិហារ ប្រធានក្រុមការងារយុវជនគណបក្សខេត្ត ក្រុមការងារគណបក្ស ក្រុង ស្រុក និងប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់កណ្តាល និងក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក ក៏ដូចជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ដែលកន្លងមកបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ជាមួយការងារគណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍន៍នូវសមិទ្ធផលជាច្រើនក្នុងខេត្ត ហើយឯកឧត្ដម ក៏សូមអំពាវនាវឲ្យរួមគ្នាថែរក្សាសមិទ្ធផលទាំងអស់នេះមានប្រយោជន៍ឲ្យការប្រើប្រាស់បានយូរអង្វែង និងត្រូវបន្តខិតខំបន្ថែមទៀត។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា យុវជនគណបក្សប្រជាជនកម្ពុជាជំនាន់មុនបានបន្សល់នូវគំរូវីរភាព និងសមិទ្ធផលច្រើនអនេក បន្តទុកឱ្យយុវជនជំនាន់នេះ ដូច្នេះគប្បីខិតខំចូលរួមចំណែកបន្តថែរក្សា និងបង្កើតសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត ដោយឈរលើមូលដ្ឋានគ្រឹះរឹងមាំនៃស្មារតីសាមគ្គីភាព ការតម្កល់ផលប្រយោជន៍ជាតិជាធំ ការបន្តលើកកម្ពស់សមត្ថភាព ការប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងការយល់ដឹងច្បាស់ពីតួនាទីភារកិច្ចក្នុងនាមជាសមាជិកបក្ស ដើម្បីធ្វើយ៉ាងណាបម្រើប្រជាជន ថែរក្សាសុខសន្តិភាព និងចូលរួមចំណែកទាំងអស់គ្នា បន្តដឹកនាំនាវាកម្ពុជាទៅកាន់វឌ្ឍនភាព ភាពសម្បូរសប្បាយ ប្រកបដោយកិត្តិយស និងសុភមង្គល។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចែកជូនគ្រួសារខ្វះខាតនិងអតីតយុទ្ធជនចំនួន ៥០០គ្រួសារផងដែរ៕