ខេត្តស្វាយរៀងៈ បើទោះបីជាព្រឹត្តិការណ៍២០កុម្ភៈបានបញ្ចប់ហើយក៏ដោយរដ្ឋបាលខេត្តស្វាយរៀងក៏នៅតែធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមអនុវត្តវិធានការសុខាភិបាលដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ជាពិសេសគឺមេរោគកូវីដ១៩បម្លែងថ្មីប្រភេទអូមីក្រុងដែលវាឆ្លងលឿនជាងមុនទៅទៀតដើម្បីកុំឲ្យចូលក្នុងសហគម។
ឯកឧត្តមវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២២នេះបានមានប្រសាសន៍ឲ្យដឹងថាៈ រហូតមកដល់ពេលនេះនៅខេត្តស្វាយរៀងអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទអូមីក្រុងអត់ទាន់មានទេ ដោយសារអ្នកឆ្លងជំងឺកូវីដ១៩នាពេលកន្លងមកគឺគាត់ធ្វើតេស្តរហ័សហើយពួកគាត់អត់មានប្រភេទជំងឺធ្ងន់គាត់មកដល់គឺគាត់អាចព្យាបាលនៅផ្ទះបានអញ្ចឹងករណីជំងឺស្រាលរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យព្យាបាលនៅតាមផ្ទះដូច្នេះយើងមិនបានបញ្ជូនសំណាកដើម្បីធ្វើតេស្តPCRរកប្រភេទមេរោគអូមីក្រុងនៅខេត្តស្វាយរៀងនោះទេ ហើយអ្នកជំងឺដែលព្យាបាលនៅតាមផ្ទះនោះគឺបានជាបន្តបន្ទាប់។
ឯឧត្តមបានបន្តទៀតថាៈ ចំពោះការចាក់វ៉ាក់សាំងវិញនៅខេត្តស្វាយរៀងបាពេលបច្ចុប្បន្នគឺបានចាក់ដល់ដូសទី៤ហើយ ដែលជាដូសជំរុញចាក់ជូនតែមន្ត្រីរាជការទេដែលជាមន្ត្រីជួរមុខហើយកន្លងមកមន្ទីរសុខាភិបាលបានទទួលវ៉ាក់ដូសទី៤ប្រភេទ MODERNA ៦.៦៤០ដូសប៉ុន្តែមន្ត្រីរាជការជួរមុខមានរហូតដល់ជា១៨.០០០នាក់ដល់អញ្ចឹងយើងបានឲ្យគាត់ចាក់Astrazineca បន្តទៀត ហើយបន្តិចទៀតក្រសួងនឹងបញ្ជូនថ្នាំប្រភេទPfizer ដើម្បីចាក់ជូនមន្ត្រីរាជការនិងប្រជាពលរដ្ឋបន្តទៀត។
ពាក់ព័ន្ធនិងដូសទី១គឺមានទៅតាមអាយុ បើអាយុពី១៨ឆ្នាំឡើង ២៩៦.៤៦៤នាក់ស្មើនិង៨៨% ចំណែកពីអាយុ១២ឆ្នាំទៅក្រោម១៨ឆ្នាំបាន៥៥.៣៧៣នាក់ស្មើនិង៨៨%ដែរ អាយុពី៦ឆ្នាំទៅក្រោម១២ឆ្នាំ៦៩.២០៦នាក់ស្មើនិង១០៩% អាយុ៥ឆ្នាំទៅក្រោម៦ឆ្នាំបានចំនួន១១.៤២៩ នាក់ ស្មើនិង១០៩%ដែរ។ ចំពោះដូសទី២ អាយុ១៨ឆ្នាំឡើងចាក់បានចំនួន២៧៣.៨៣៥នាក់ស្មើនិង៨៤% ដូសទី៣មានចំនួន១៤៩.២៨៨នាក់ស្មើនិង៤៥% ដោយឡែកមន្ត្រីរាជការនិងប្រជាពលរដ្ឋដែលមិនទាន់បានចាក់ដូសទី៣ទេគឺខាងមន្ទីរបានឲ្យភូមិឃុំស្រង់ឈ្មោះដើម្បីឲ្យក្រុមគ្រូពេទ្យចុះចាក់ថ្នាំជូនគាត់ដល់ទីកន្លែងតែម្តង។
ពាក់ព័ន្ធក្នុងករណីនេះដែរឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងនិងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត តំណាងឯកឧត្តម ម៉ែន វិ បុល អភិបាលខេត្តបានមានប្រសាសន៍ឲ្យដឹងផងដែរថាៈ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ក្នុងនាមអាជ្ញាធរខេត្តគឺមានវិធានការអប់រំផ្សព្វផ្សាយទៅតាមមូលដ្ឋាននិងតាមបណ្តារោងចក្រឲ្យអនុវត្តតាមវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវ ស្វែងរកអ្នកចម្លងមេរោគនិងប្រភពនៃការចម្លងឲ្យបានទាន់ពេលវេលា។
ជម្រុញផ្សព្វផ្សាយលើកទឹកចិត្តដល់កម្មករ កម្មការិនីប្រើប្រាស់មធ្យោបាយផ្ទាល់ ខ្លួនជិះទៅបំពេញការងារនៅតាមរោងចក្រសហគ្រាស រៀបចំក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគទៅតាមទីតាំងដែលមានកំរឹតហានិភ័យខ្ពស់ រដ្ឋបាលខេត្តដែលមានមន្ទីរសុខាភិបាលនៃរដ្ឋបាលនិងអាជ្ញាធរ ក្រុង ស្រុក បានសហការខិតខំបំពេញការងារតាមជំនាញរបស់ខ្លួន។ គ្រប់គ្រងប្រជាពលរដ្ឋនិងពលករដែលមកពីក្រៅប្រទេសដោយយកមកធ្វើចត្តឡីស័កយកសំណាកវត្ថុវិភាគ និងតាមដានសុខភាពជាប្រចាំ។
ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍បន្ថែមទៀតថាៈ ក្នុងនាមរដ្ឋបាលខេត្តលោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវអនុវត្តឲ្យបានតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នូវវិធានការ៣កុំ ៣ការពារ ពីព្រោះថាបងប្អូនអាចសប្បាយភ្លេចការពារជំងឺកូវីដ១៩តែជំងឺកូវីដ១៩មិនភ្លេចអ្នកទេ ហើយក៏សូមឲ្យអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធជាពិសេសមន្ទីរសុខាភិបាលត្រូវបន្តការអប់រំផ្សព្វផ្សាយទៅដល់មូលដ្ឋាននិងតាមបណ្តារោងចក្រ ឲ្យអនុវត្តតាមវិធានសុខាភិបាលឲ្យបានត្រឹមត្រូវជៀសឆ្ងាយពីជុំងឺកូវីដ១៩ទាំង អស់គ្នា៕