ដោយ៖សេង ពិសិដ្ឋ
កំពង់ធំៈ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ចំនួន ៣,១១០ នាក់ នៅគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែកឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ត្រី ង៉ាង ស ប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី ៤ប្រភេទ Pfizer ជូនដល់អតីយុទ្ធជននៅតាមបណ្ដាក្រុងស្រុកទាំង៩ ដែលត្រូវគណៈកម្មាធិការសមាគមអតីតយុទ្ធជន តាមក្រុងស្រុកនីមួយៗ ដឹកជូនមកចាក់វ៉ាក់សាំង និងដឹកជញ្ជូនបងប្អូនវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ តាមកម្មវិធី និងផែនការដែលបានគ្រោងទុក។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែល បានផ្ដល់វ៉ាក់សាំងជាអទិភាពសម្រាប់ចាក់ជូនដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស ក្នុងនោះមានអតីតយុទ្ធជននៅខេត្តកំពង់ធំផងដែរ ដើម្បីសង្គ្រោះជីវិតអតីតយុទ្ធជនយើងក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា កុំឲ្យទទួលមរណៈភាពដោយសារការឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃទី៣ហើយ ដែលបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការចាក់វ៉ាក់សាំង ជូនអតីតយុទ្ធជនយើង បន្ទាប់ពីបានចាក់សាំងជូនកងទ័ព និងគ្រួសារកងទ័ព ចំនួនជាងមួយពាន់នាក់រួចមក។ ជាមួយនេះផងដែរប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានណែនាំដល់បងប្អូនសមាជិកសមាគមអតីតយុទ្ធជនទាំងអស់ ក្រោយពេលចាក់វ៉ាក់សាំងរួច ត្រូវគោរពអោយបានខ្ជាប់ខ្ជួននៅវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន និងអនុវត្តឲ្យបានត្រឹមត្រូូវនូវវិធានការនានា របស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ ។
អតីតយុទ្ធជននៅខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណ ដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះ សម្តេច តេជោ ដែល បាន ផ្ដល់ ជីវិត ថ្មី សម្រាប់ ប្រជាពលរដ្ឋ នៅ ទូទាំង ប្រទេស និងសូមគោរពជូនពរសម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមសម្ដេចទាំងទ្វេមានសុខភាពល្អ បន្តដឹកនាំនាវាកម្ពុជា ក្នុងសុខសន្តិភាព និងការអភិវឌ្ឍជារៀងរហូត ៕