ខេត្តស្វាយរៀងៈ អតីតសិស្សវិទ្យាល័យស្វាយរៀងរួមជំនាន់ក្នុងឆ្នាំ២០០៩នៅព្រឹកថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២២នេះបានរៀបចំពិធីជួបជុំដើម្បីរំលឹកគុណដល់លោកគ្រូ អ្នកគ្រូដែលនាពេលកន្លងមកធ្លាប់បានបង្ហាត់បង្រៀនទៅដល់កូនសិស្សគ្រប់រូបឲ្យទទួលបានចំណេះវិជ្ជាជ្រៅជ្រះក្លាយជាបុគ្គលដែលទទួលបាននូវភាពជោគជ័យនៅក្នុងជីវិតរស់នៅក្នុងសង្គម ក្រោមការអញ្ជើញចូលរួមពីសំណាក់លោក សោម សុធា ជាអតីតសិស្សជំនាន់ឆ្នាំ២០០៩សព្វថ្ងៃ ជាអគ្គនាយកភូមិខ្មែរគ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលផ្សារមរតក។
ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោកនាយកភូមិខ្មែរមរតក និងក្រុមការងារ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យស្វាយរៀងព្រមទាំងប្អូនៗសិស្សានុសិស្សប្រមាណជាង៣០០០នាក់។
លោក យស់ ពៅ នាយកវិទ្យាល័យស្វាយរៀងបានមានប្រសាសន៍ឲ្យដឹងថាៈ អាស្រ័យដោយការសហការគ្នាបានយ៉ាងស្អិតរមួតរវាងមជ្ឈដ្ឋានអប់រំមានមាតា បិតា អាណាព្យាបាល រដ្ឋអំណាច សហគមន៍ ពិសេសការដឹកនាំគ្រប់គ្រងអប់រំរបស់លោកគ្រូ អ្នកគ្រូធ្វើឲ្យលទ្ធផលសិក្សារបស់សិស្សនៅវិទ្យាល័យស្វាយរៀង ទទួលបានល្អប្រសើរជាទីមោទនៈជាក់ស្តែងក្នុងឆ្នាំសិក្សា២០២០.២០២១កន្លងទៅនេះសិស្សថ្នាក់ទី១២បានប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិជាប់ជានិទ្ទេស A ចំនួន៥នាក់ ស្រី ៣នាក់ នេះបានឆ្លុះបញ្ចាំងឲ្យឃើញពីភាពរីកចំរើនលើវិស័យអប់រំនៅខេត្តស្វាយរៀងក្រោមការដឹកនាំដ៏ឈ្លាសវៃនិងបុិនប្រសប់របស់ថ្នាក់ដឹកនាំខេត្តពិសេសឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ។
លោកនាយកបានបន្តទៀតថាៈ ដោយឈរលើស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូបានជំរុញឲ្យសន្ទុះគុណភាពអប់រំនៅវិទ្យាល័យស្វាយរៀងមានការអភិវឌ្ឍគួរជាទីមោទនៈជាក់ស្តែងក្រៅពីការចូលរៀនយ៉ាងសកម្មក្នុងម៉ោងរដ្ឋនិងរៀនអនឡាញសិស្សានុសិស្សមួយចំនួនមានការភ្ញាក់រលឹកក្នុងការសិក្សាតាមប្រព័ន្ធឌីជីថលហើយក្មួយៗបានចូលរួមយ៉ាងសកម្មក្នុងការកែរលំអបរិស្ថាន យាមការពារសុវត្ថិភាពសាលាដែលជាហេតុនាំឲ្យបរិស្ថានកាន់តែមានសោភ័ណភាពយ៉ាងល្អប្រសើរ។
នៅក្នុងឱកាសនោះលោក សោម សុធា អគ្គនាយកភូមិខ្មែរគ្រុបនិងជាប្រធានក្រុមប្រឹក្សាភិបាលផ្សារមរតកបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានចំណាយទាំងកំលាំងកាយ ចិត្ត និងពេលវេលាខិតខំពន្យល់ បង្ហាត់បង្រៀនកូនសិស្សគ្រប់ជំនាន់ទាំងអស់ឲ្យទទួលបានចំណេះដឹងមានចំណេះវិជ្ជាជ្រៅជ្រះរៀនបន្តទៅមហាវិទ្យាល័យមានមុខរបរល្អៗដើម្បីប្រកបមុខរបរចិញ្ចឹមជីវិតនៅរស់នៅក្នុងសង្គម។
លោក សោម សុធា ក៏បានដាស់តឿនក្រើនរំលឹកដល់ប្អូនៗក្មួយៗជាសិស្សានុសិស្សជំនាន់ក្រោយទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ត្រងត្រាប់ស្តាប់គ្រូពន្យល់ ដើម្បីទទួលបានចំណេះដឹងខ្ពស់ជាពិសេសគឺទទួលបានលទ្ធផលល្អនាពេលប្រឡងបញ្ចប់ឆ្នាំសិក្សានាពេលខាងមុខ។ លោកបានមានប្រសាសន៍បន្ថែមទៀតថាៈក្នុងនាមយើងជាសិស្សគ្រប់រូបត្រូវមានផែនការគោលដៅច្បាស់លាស់ក្រោយបញ្ចប់ការសិក្សាទើបការងារទទួលបានជោគជ័យពីព្រោះទំរាំបានដូចសព្វថ្ងៃនេះរូបលោកផ្ទាល់បានខិតខំតស៊ូប្រឹងប្រែងជំនៈរាល់ឧបសគ្គជាច្រើនជំពូកមិនរុញរានោះឡើយ ហើយលោកក៏តែងតែមិនភ្លេចចំពោះគុណបំណាច់របស់លោកគ្រូ អ្នកគ្រូដែលធ្លាប់បានបង្ហាត់បង្រៀនរូបលោកនោះដែរជាក់ស្តែងថ្ងៃនេះរូបលោកនិងក្រុមការងារបានប្រារព្ធធ្វើកម្មវិធីនេះឡើងដើម្បីរលឹកដល់គុណគ្រូដែលមានចំពោះសិស្សទាំអស់គ្នាពុំអាចកាត់ថ្លៃបានឡើយ។សូមបញ្ជាក់ផងដែរថានៅក្នុងពិធីនោះក៏មានការជួយឧបត្ថម្ភដល់សិស្សានុសិស្សវិទ្យាល័យស្វាយរៀងចំនួនជាង៣០០០នាក់ម្នាក់ៗទទួលបានសៀវភៅ ប៊ុច និង ថវិកា៥០០០រៀល លោកគ្រូ អ្នកគ្រូ ចំនួន ១៧៧នាក់ ម្នាក់ៗទទួលបានថវិកា៥០០០០រៀលនឹងពិសារអាហារសាមគ្គីជុំគ្នាមួយពេលផងដែរ ៕